ផ្លូវដែកក្រោមដីតភ្ជាប់រវាងទីក្រុងញូវយ៉ក និងរដ្ឋ New Jersey នឹងជួយបង្កើនទំហំសេដ្ឋកិច្ចអាមេរិកចំនួន៤៤៥ពាន់លានដុល្លារ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវដែកក្រោមដី ដែលមានតម្លៃ១៦ពាន់លានដុល្លារ តភ្ជាប់រវាងទីក្រុងញូវយ៉ក និងរដ្ឋ New Jersey របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងជំរុញឱ្យទំហំសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចក្នុងតំបន់មូលដ្ឋានហក់ឡើងចំនួន៤៤៥ពាន់លានដុល្លារ។

យោងតាមការវិភាគបង្ហាញថា ដំណាក់កាលសាងសង់គម្រោងនេះ នឹងបង្កើតបានសកម្មភាពសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រហែល៤២,៨ពាន់លានដុល្លារនៅក្នុងតំបន់មូលដ្ឋាន។

បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ ផ្លូវដែកក្រោមដីនេះនឹងបង្កើតសកម្មភាពសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ចំនួន២៣០ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងតំបន់ និងចំនួន១៧០ពាន់លានដុល្លារផ្សេងទៀតនៅទូទាំងសហរដ្ឋអាមេរិក។

គម្រោងនេះមានគោលបំណងដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ នៅលើផ្លូវរូងក្រោមទន្លេ Hudson ដោយសាងសង់ផ្លូវរូងក្រោមដីថ្មីបន្ថែម ដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររវាងទីក្រុងញូវយ៉ក និងរដ្ឋ New Jersey។

បច្ចុប្បន្ន អ្នកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដែលប្រើប្រាស់សេវាកម្មរថភ្លើងរបស់ក្រុមហ៊ុនដឹកជញ្ជូន New Jersey Transit និងក្រុមហ៊ុន Amtrak ត្រូវខកម៉ោងធ្វើការ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកមានសភាពទ្រុឌទ្រោម។

ដូច្នេះ នៅពេលដែលផ្លូវដែកក្រោមដីសាងសង់រួចរាល់ នោះផ្លូវដែកនេះនឹងជួយជំរុញឱ្យចំនួនអ្នកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនNew Jersey Transit និងក្រុមហ៊ុន Amtrak ហក់ឡើងចំនួន១១០ភាគរយ និង៥០ភាគរយរៀងគ្នា៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here