តម្រូវការសណ្ឋាគារនៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងហក់ឡើងខ្លាំងលើសការផ្គត់ផ្គង់

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មកំពុងងាកទៅរកទីផ្សារបដិសណ្ឋារកិច្ចនៅប្រទេសកូរ៉េខាងត្បូងឡើងវិញ ជាពិសេសសណ្ឋាគារ ស្របពេលតម្រូវការស្នាក់នៅដោយភ្ញៀវទេសចរណ៍បរទេសបានកើនឡើងលើសពីការផ្គត់ផ្គង់។

ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកទស្សនាប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១៧,៥លាននាក់ក្នុងឆ្នាំ២០២៥ កើនឡើងពីចំនួន១៦,៣៧លាននាក់ក្នុងឆ្នាំ២០២៤។ តួលេខនេះតំណាងឱ្យចំណែក៩៣,៥ភាគរយនៃកម្រិតមុនផ្ទុះជំងឺរាតត្បាត។នេះបើយោងតាមវិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េ។

វិទ្យាស្ថានបាននិយាយថា វិស័យទេសចរណ៍ក្នុងប្រទេសកូរ៉េខាងត្បូងកំពុងងើបឡើងវិញលឿនជាងការផ្គត់ផ្គង់សណ្ឋាគារ ដោយកត់សម្គាល់ថា បន្ទប់សណ្ឋាគារនៅក្នុងទីក្រុងសេអ៊ូលនាពេលបច្ចុប្បន្នមានចំនួនតិចជាងអំឡុងពេលផ្ទុះជំងឺរាតត្បាត។

នៅក្នុងបរិបទនេះ បណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយចំនួនបានបង្កើនសណ្ឋាគារថ្មីៗទៅក្នុងផលបត្រអាជីវកម្មរបស់ខ្លួន។ ចំណែក បណ្តាក្រុមហ៊ុនផ្សេងទៀត ដែលកាលពីដំបូងឡើយគ្រោងនឹងប្រែក្លាយសណ្ឋាគារទៅជាអគារការិយាល័យ បានផ្លាស់ប្តូរការសម្រេចចិត្តវិញ ដោយរក្សាទុកអគារទាំងនោះសម្រាប់ទទួលភ្ញៀវចូលមកស្នាក់នៅ។

ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ BlueCove Investment កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការទិញយកសណ្ឋាគារ New Oriental ក្នុងសង្កាត់ Myeong-dong នៃទីក្រុងសេអ៊ូល។ នេះជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន BlueCove Investment ក្នុងការពង្រីកប្រតិបត្តិការសណ្ឋាគារ ចាប់តាំងពីឆមាសទី២ ឆ្នាំមុន។

ក្រុមហ៊ុន BlueCove Investment ក៏បានដេញថ្លៃទិញសាខាសណ្ឋាគារ Shilla Stay នៅសង្កាត់ Dongtan ក្នុងទីក្រុង Hwaseong នៃខេត្ត Gyeonggi ។ “Shilla Stay” ជាម៉ាកយីហោសណ្ឋាគារ ដែលផ្តល់សេវាកម្មដល់អ្នកធ្វើដំណើរក្នុងគោលបំណងអាជីវកម្មជាចម្បង។

លើសពីនេះ ក្រុមហ៊ុន BlueCove បានសហការជាមួយក្រុមហ៊ុន Blackstone ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគខ្នាតយក្សរបស់សហរដ្ឋអាមេរិក ដើម្បីទិញទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SM Group ក្នុងតម្លៃ១២០ពាន់លានវ៉ុន (ប្រហែល៨៤,២៥លានដុល្លារ) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here