ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)បានបន្តហក់ឡើងខ្ពស់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈក្រុមអតិថិជនលំដាប់អ្នកមានបានសម្រុកទិញផ្ទះមានតម្លៃលើសពី១០លានដុល្លារអាមេរិកនៅក្នុងទីក្រុងមួយនេះ។
ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៥ ផ្ទះចំនួន១១១យូនីត ត្រូវបានលក់ចេញ កើនឡើង៤,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ គេសង្កេតឃើញមានការលក់ផ្ទះចំនួន១២យូនីត ដែលមានតម្លៃចាប់ពី២៥លានដុល្លារអាមេរិក។
-->
យោងតាមក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ការកើនឡើងនេះជាសញ្ញាបង្ហាញថា តម្រូវការលើទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែ មុនពេលមានភាពចលាចលទូទាំងពិភពលោកនៅខែមេសា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធជាសកល។

តម្រូវការអចលនទ្រព្យនៅទីក្រុងឌូបៃបានកើនឡើងយ៉ាងគំហុកចាប់តាំងពីឆ្នាំ២០២០ ក្រោយពេលដែលរដ្ឋាភិបាលរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានដាក់ចេញគោលនយោបាយទិដ្ឋាការសេរី ដោយបានទាក់ទាញលំហូរអ្នកទិញជាជនបរទេសជាច្រើនចូលមកកាន់ទីក្រុងឌូបៃ។
នៅក្នុងត្រីមាសទី១ តំបន់កោះសិប្បនិមិត្ត “Palm Jumeirah” នៅតែជាទីតាំងដ៏ពេញនិយមបំផុតមួយ ដោយកត់ត្រាការលក់ផ្ទះចំនួន៣៤យូនីត ដែលមានតម្លៃជាង១០លានដុល្លារអាមេរិកក្នុងមួយយូនីត។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនKnight Frank ។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគបានព្រមានថា វិស័យអចលនទ្រព្យរបស់ទីក្រុងឌូបៃប្រឈមមុខនឹងហានិភ័យកាន់តែច្រើនចាប់ពីពេលនេះតទៅមុខ។ បណ្តាមហាសេដ្ឋីមកពីជុំវិញពិភពលោកអាចនឹងសម្រេចចិត្តដើរចេញ ឬកាត់បន្ថយការវិនិយោគ ស្របពេលមានភាពមិនច្បាស់លាស់នៃទីផ្សារ។
ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិនាពេលថ្មីៗនេះក៏អាចនាំឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមធ្លាក់ចុះផងដែរ៕ប្រភព: Bloomberg៕
