ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថា គម្រោងសាងសង់អគារខ្ពស់កប់ពពក Goldin Finance 117 អាចនឹងចាប់ផ្តើមដំណើរការឡើងវិញនៅដើមសប្តាហ៍ក្រោយ បន្ទាប់ពីបានជាប់គាំងអស់រយៈពេលជិត១០ឆ្នាំកន្លងមក។
គម្រោងអគារ Goldin Finance 117 កម្ពស់៥៩៧ម៉ែត្រ នេះមានទីតាំងស្ថិតនៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើងនៃប្រទេសចិន។ ប៉ុន្តែ គម្រោងនេះត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១៥ ដោយភាពតានតឹងផ្នែកហិរញ្ញវត្ថុ។
-->
នាពេលនេះ ការសាងសង់អគារ Goldin Finance 117 ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០២៧ខាងមុខ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មានអាមេរិក CNN។

កាលពីដំបូងឡើយ អគារកំពស់១១៧ជាន់នេះធ្លាប់ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ប្រទេសចិន,នៅពេលគម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០០៨។ ប៉ុន្តែ បច្ចុប្បន្ន អគារ Shanghai Tower ជាអគារខ្ពស់ជាងគេទី១ នៅប្រទេសចិន ដែលមានកំពស់៦៣២ម៉ែត្រ និងមាន១២៨ជាន់។
អគារ Goldin Finance 117 ត្រូវបានសាងសង់ ដោយប្រើសសរយក្ស(Mega column) ដើម្បីទប់ទល់ពេលខ្យល់បក់បោកខ្លាំង និងធន់នឹងការរញ្ជួយដី។ នៅជាន់ខាងលើនៃអគារនេះនឹងមានការិយាល័យ និងសណ្ឋាគារលំដាប់ផ្កាយ៥។នេះបើយោងតាមក្រុមហ៊ុនស្ថាបត្យកម្ម P&T Group ។
គម្រោងអគារខ្ពស់កប់ពពកនេះបានជាប់គាំង បន្ទាប់ពីការដាំក្បាលចុះនៃទីផ្សារភាគហ៊ុនចិនកាលពីឆ្នាំ២០១៥។ ការណ៍នេះបានធ្វើឱ្យអនាគតរបស់ក្រុមហ៊ុន Goldin Properties Holdings ដែលជាម្ចាស់គម្រោងអគារ Goldin Finance 117 ធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា៕ប្រភព: CNN៕
