ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេសុីកំពុងសម្រុកសាងសង់គម្រោងទីក្រុង “Nuanu Creative City”ក្រោមទំហំទុនវិនិយោគចំនួន៧០លានដុល្លារអាមេរិកនៅលើកោះបាលី ដោយរួមមានអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម។នេះបើយោងតាមកាសែត Jakarta Globe។
កោះបាលីត្រូវបានគេទទួលស្គាល់ថា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយរបស់ពិភពលោក ដោយសារសម្រស់ធម្មជាតិ និងបេតិកភណ្ឌវប្បធម៌នៅលើកោះនេះ។ កោះបាលីបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសចំនួនជាង៦,៣លាននាក់មកពីជុំវិញពិភពលោកកាលពីឆ្នាំ២០២៤ ដោយបានវ៉ាដាច់កម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ និងកើនឡើង២០,១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។
-->
គម្រោងទីក្រុង “Nuanu Creative City”ស្ថិតនៅលើផ្ទៃដីទំហំ៤៤ហិកតាតាមបណ្តោយឆ្នេរសមុទ្រនៅក្នុងទីក្រុង Tabanan របស់កោះបាលីក៏បានប្រកាសបើកទ្វារចំហចំពោះបណ្តាវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេសផងដែរ។

តំបន់ទីក្រុង Nuanu Creative City ដែលរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត ឬនវានុវត្តន៍ សិល្បៈ និងការរស់នៅ កំពុងបន្តស្ថិតក្រោមការអភិវឌ្ឍន៍ និងគ្រោងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅខែសីហា ឆ្នាំ២០២៥នេះ។
គម្រោងទីក្រុងនេះបានចំណាយទុនវិនិយោគជាង៣០លានដុល្លារលើការងារហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធលូ។ បច្ចុប្បន្ន គម្រោងនេះកំពុងស្វែងរកបណ្តាអ្នកវិនិយោគ ដែលចាប់អារម្មណ៍ក្នុងការកសាងគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មនៅក្នុងទីក្រុងប្រកបដោយភាពច្នៃប្រឌិត។
លោក Lev Kroll នាយកប្រតិបត្តិរបស់គម្រោងទីក្រុង Nuanu Creative City បានអះអាងថា យើងនឹងបើកចំហដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍ទីក្រុង Nuanu ដល់បណ្តាវិនិយោគិនផ្សេងទៀតដើម្បីសហការគ្នា។
លោកបញ្ជាក់បន្ថែមថា គម្រោងនេះទទួលបានការចាប់អារម្មណ៍ និងការសាកសួរជាច្រើនពីបណ្តាអ្នកវិនិយោគមកពីបណ្តាប្រទេសចំនួន១២ ហើយយើងកំពុងធ្វើការរៀបចំកិច្ចព្រមព្រៀងនានាដើម្បីសហការគ្នា៕ប្រភព: Jakarta Globe៕
