តើកត្តាអ្វីខ្លះធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាពិភពជំនួញរបស់បណ្តាអ្នកវិនិយោគអចលនទ្រព្យ?

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះជាមានឧបសគ្គជាច្រើនក្នុងរយៈពេល១ទសវត្សរ៍កន្លងមកយ៉ាងណាក្តី ក៏សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនៅតែមានភាពរឹងមាំ ហើយសិង្ហបុរីជាពិភពនៃការវិនិយោគលើអចលនទ្រព្យ ដោយទាក់ទាញទាំងបណ្តាអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

គោលនយោបាយអត្រាការប្រាក់សកលនឹងត្រូវបានទាញទម្លាក់ចុះ ស្របពេលសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកើនឡើងកំដៅ។ ការណ៍នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការវិនិយោគអចលនទ្រព្យ។ហេតុនេះ ក្រុមអ្នកជំនាញបានធ្វើការវាយតម្លៃថា បណ្តាអ្នកវិនិយោគប្រកបដោយចក្ខុវិស័យវែងឆ្ងាយគ្រោងនឹងបន្តបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរី។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានរកឃើញថា តាមរយៈការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ វិនិយោគិនភាគច្រើនក្នុងប្រទេសសិង្ហបុរីគ្រោងទិញអចលនទ្រព្យក្នុងចំនួនដូចគ្នានឹងឆ្នាំមុន ឬអាចទិញអចលនទ្រព្យច្រើនជាងឆ្នាំមុនទៅទៀត។

នៅក្នុងក្របខណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ទាក់ទាញបំផុតលំដាប់ទី៣ សម្រាប់ការវិនិយោគអចលនទ្រព្យឆ្លងដែន បន្ទាប់ពីទីក្រុងតូក្យូរបស់ប្រទេសជប៉ុន និងទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលី។

កត្តាវិជ្ជមានផ្សេងៗ រួមមានដូចជា ស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច បរិយាកាសធុរកិច្ចល្អប្រសើរ និងភាពអព្យាក្រឹតលើគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលសិង្ហបុរី បានផ្តល់ទំនុកចិត្តដល់ក្រុមវិនិយោគិន។នេះបើយោងតាមសារព័ត៌មាន The Business Times។

តាមរយៈកត្តាទាំងនេះ ទីផ្សារអចលនទ្រព្យសិង្ហបុរីបានក្លាយជាទីចាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលមានគោលដៅធ្វើពិពិធកម្មផលបត្រ និងស្វែងរកគោលដៅសុវត្ថិភាពសម្រាប់រក្សាទុកទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here