ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះសហរដ្ឋអាមេរិក Boeing អំពីការទិញយន្តហោះថ្មី ប្រសិនបើចិនសម្រេចលុបចោលការបញ្ជាទិញដែលខ្លួនមាន ដោយសារតែបញ្ហាពន្ធគយជាមួយសហរដ្ឋអាមេរិក។
កាសែតរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍ ដោយដកស្រង់សម្ដីនាយកគ្រប់គ្រងក្រុមហ៊ុន MAG លោក Izham Ismail ដែលបានមានបង្ហើបថា ប្រសិនបើសង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ធ្វើឱ្យមានយន្តហោះ Boeing នៅទំនេរ នោះ ក្រុមហ៊ុន MAG មើលឃើញថា វាជាឱកាសដើម្បីទទួលបានយន្តហោះពីក្រុមហ៊ុន Boeing លឿនជាងការរំពឹងទុក។
លោក Ismail បានបញ្ជាក់ប្រាប់កាសែត Bernama ថា ក្រុមហ៊ុន MAG កំពុងចរចារជាមួយក្រុមហ៊ុនអាមេរិក Boeing អំពីលទ្ធភាពថា តើយើងអាចទទួលទិញជំនួសយន្តហោះ ដែលចិនលុបចោលការបញ្ជាទិញទាំងនោះបានដែរឬទេ?។
ចំណាត់ការនេះធ្វើឡើង ក្រោយពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន Boeing កំពុងដឹកជញ្ជូនយន្តហោះ 737 MAX មួយចំនួនរបស់ខ្លួន ត្រឡប់ពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកវិញ ដែលបង្កឱ្យមានការគិតថា ចិនលុបចោលការបញ្ជាទិញក្នុងបរិបទជម្លោះពន្ធជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ យ៉ាងណាមិញ ក្រុមហ៊ុន Boeing និងភាគីចិន មិនបានធ្វើអត្ថាធិប្បាយយ៉ាងណានោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក រួមទាំងម៉ាឡេស៊ី បានបញ្ជាទិញយន្តហោះថ្មី។ ប៉ុន្តែ ពួកគេប្រឈមមុខនឹងការពន្យារពេលទទួលបាន ដោយសារការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃផលិតកម្មរបស់ក្រុមហ៊ុន Boeing ដោយសារការត្រួតពិនិត្យបទប្បញ្ញត្តិផ្សេងៗ៕ប្រភព:Reuters៕