ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានលើកឡើងថា តម្លៃដីធ្លីនៅប្របនឹងផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោ បានធ្លាក់ចុះប្រមាណ២០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណាអ្នកជំនាញយល់ថា ស្ថានភាពនៃការទិញ លក់ដីនៅតាមបណ្តោយផ្លួវនេះ មានភាពសកម្មនាពេលថ្មីៗនេះ នឹងជម្រុញតម្លៃដីនៅស្របតាមផ្លូវនេះ កើនឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៦ខាងមុខ។
-->
អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ មេសាកន្លងមកថា បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ពិសេសជនជាតិចិន បានស្វែងរកទិញដីនៅចន្លោះពីចំណុចក្បាលថ្នល់ ដល់ផ្លូវជាតិលេខ២ច្រើនជាងមុន ប៉ុន្តែយ៉ាងណាតម្លៃមិនទាន់កើនឡើងនៅឡើយទេ។
លោកបន្តថា “តំបន់នៅស្របនឹងផ្លូវ៦០ម៉ែត្រ មិនទាន់មានសញ្ញាប្រែប្រួលជាដុំកំភួនទេ ប៉ុន្តែអាចមានសញ្ញាល្អច្រើននៅចុងឆ្នាំនេះ ដែលតម្លៃនឹងអាចកើនឡើងនៅចុងឆ្នាំ ឬដើមឆ្នាំ២០២៦”។

លោកឌិត ចណ្ណាបានបន្តថា ព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ នឹងបើកដំណើរការជាផ្លូវការ នៅខែកក្កដា ឆ្នាំនេះ នឹងជួយលើកកំពស់សកម្មភាពសេដ្ឋកិច្ច សង្គម នៅតាមបណ្តោយផ្លូវដ៏ធំនេះ ពិសេសទឹកដីខេត្តកណ្តាល ក្នុងស្រុកបាទី និងស្រុកកណ្តាលស្ទឹងជាដើម។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance realtyបាមានប្រសាសន៍ឲ្យដឹងផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដីនៅលើមហាវិថីតេជោ បានធ្លាក់ចុះចន្លោះពី១០ទៅ២០ភាគរយ អាស្រ័យលើទំហំ ទីតាំង និងលក្ខខ័ណ្ឌរបស់ដីនិមួយៗ។
លោកបន្តថា “ការថមថយតម្លៃ ដោយសារវាទាក់ទងនឹងតម្រូវការ និងការផ្គង់ផ្គង់ ដែលភាពស្ងប់ស្ងាត់ប៉ុន្មានឆ្នាំមកនេះ បានទាញតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារ”។

តើដីនៅលើបណ្តោយផ្លូវនេះ មានតម្លៃប៉ុន្មាននាពេលបច្ចប្បន្ន? លោកប៉ួ អ់ាវគថ់បានវាយតម្លៃថា តម្លៃដីនៅតំបន់នេះគិតពីផ្លូវជាតិលេខ២ទៅកាន់ព្រលានថ្មី មានតម្លៃចន្លោះពី១៥០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកផ្លូវ៦០ម៉ែត្រ គិតពីតំបន់ក្បាលថ្នល់ ដល់ផ្សារទំនើបអ៊ីអន៣ មានតម្លៃចន្លោះពី៨០០ ទៅ១២០០ក្នុងមួយម៉ែត្រការ៉េ និងពីអ៊ីអនដល់ផ្លូវ៥០ម៉ែត្រ មានតម្លៃចន្លោះពី៧០០ ទៅ៩០០ដុល្លារ និងពីចន្លោះផ្លូវ៥០ម៉ែត្រ ដល់ផ្លូវជាតិលេខ២ មានតម្លៃចន្លោះពី៥០០ដល់ ៦០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
លោកប៉ូ អ៊ាវគង់បានពន្យល់ថា តម្លៃដីអាចប្រែប្រួលខុសគ្នា អាស្រ័យលើទំហំ រូបរាង ទីតាំង និងភាពអំណោយផលនៃទីតាំងនិមួយៗផងដែរ។ លោកបន្តថា ដីនៅតាមបណ្តោយផ្លូវនេះ ជាប្រភេទដីធំៗ ងាយស្រួលអភិវឌ្ឍន៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា។
ភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានសិក្សាដោយសាលាបារាំងចុងបូព៌ា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ដែលការសិក្សានេះ មានគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលអនាគត និងរៀបចំផែនការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីជាតំបន់បៃតង៕

