ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្ទះប្រភេទ Penthouse ស្ថិតក្នុងអគារមានរាងស្តើងខ្ពស់កប់ពពកមួយនៅក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសដាក់លក់លើទីផ្សារ ក្នុង ទឹកប្រាក់រហូតដល់១១០លានដុល្លារ។
ផ្ទះនេះមានកម្ពស់ចំនួន៤ជាន់ ដោយលាតសន្ធឹងពីជាន់ទី៨០ រហូតដល់ជាន់ទី៨៣ នៃអគារ 111 W 57th Street និងអាចមើលឃើញទេសភាពឧទ្យាន Central Park ដ៏ល្បីល្បាញនៅក្នុងទីក្រុងញូវយ៉ក។
-->
យោងតាមសារព័ត៌មានCNN បានរាយការណ៍ថា ផ្ទះ Penthouse តម្លៃ១១០លានដុល្លារនេះ មានបន្ទប់គេងចំនួន៥ បន្ទប់ទឹកចំនួន៦ និងទីធ្លាខាងក្រៅអគារចំនួន២ រួមជាមួយទិដ្ឋភាព៣៦០ដឺក្រេនៃទីក្រុងញូវយ៉ក។

អគារ 111 W 57th Street ឬត្រូវបានគេហៅម៉្យាងទៀតថា ជាអគារ Steinway Tower ត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ស្ថិតនៅលើទីតាំងដី ដែលធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនព្យាណូ Steinway & Sons។
អគារមានរាងស្តើងជាងគេ នៅលើពិភពលោកមួយនេះ មានកម្ពស់៤៣៥ម៉ែត្រ ឬស្មើនឹង៨៤ជាន់ និងមានទទឹងត្រឹមតែ១៧,៥ម៉ែត្រប៉ុណ្ណោះ ដែលត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្ម SHoP Architects និងក្រុមហ៊ុនStudio Sofield។
កាលពីឆ្នាំ២០១៩ អាផាតមុិនទំហំ២៤.០០០ហ្វីតការ៉េ ស្ថិតនៅក្នុងអគារ 220 Central Park South បានបំបែកឯតទគ្គកម្ម ដោយបានលក់ចេញ ក្នុងតម្លៃ២៣៨លានដុល្លារ និងបានក្លាយជាផ្ទះមានតម្លៃខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅសហរដ្ឋអាមេរិក៕ប្រភព: CNN៕
