ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគទៅលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើងដល់កម្រិតខ្ពស់ថ្មីនៅត្រីមាសទី១ ឆ្នាំ២០២៥។ នេះបើយោងតាមការស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន JLL បានបង្ហាញថា ការវិនិយោគទៅលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានទំហំទឹកប្រាក់សរុបចំនួន៣៦,៣ពាន់លានដុល្លារអាមេរិក កាលពីត្រីមាសទី១ ឆ្នាំ២០២៥ ហក់ឡើង២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL អះអាងទៀតថា គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ ការវិនិយោគទៅលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានអត្រាកំណើនចំនួន៦ត្រីមាសជាប់ៗគ្នា ដោយផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ។
-->

លោក Stuart Crow អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន JLL បានលើកឡើងថា “ការបន្តកើនឡើងនូវការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាសក្ខីភាពមួយចំពោះមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់តំបន់នេះ ក្នុងការទាក់ទាញមូលធនមកពីជុំវិញពិភពលោក”។
ក្នុងចំណោមនោះ ប្រទេសជប៉ុនបានឈរនៅលេខរៀងទី១ ដោយទទួលបានទុនវិនិយោគចំនួន១៣,៧ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ហក់ឡើង២០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានទុនវិនិយោគចំនួន៦,៨ពាន់លានដុល្លារអាមេរិក ហក់ឡើង៥៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែក ប្រទេសអូស្ត្រាលីដណ្តើមបានចំណាត់ថ្នាក់លេខ៣ ដោយទទួលបានទុនវិនិយោគចំនួន៣,៩ពាន់លានដុល្លារ ហក់ឡើង៣០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
រីឯ ប្រទេសសិង្ហបុរីទទួលបានទុនវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ខ្លួនចំនួន២,២ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ហក់ឡើង១៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
លោក Stuart Crow បានព្យាករណ៍ថា បណ្តាវិនិយោគិន ដែលមានចក្ខុវិស័យរយៈពេលវែងនឹងបន្តបោះទុនវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាសុីប៉ាសុីហ្វិក បើទោះបីជាទីផ្សារអាចមានការប្រែប្រួលរយៈពេលគ្នា ដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកយ៉ាងណាក្តី៕ប្រភព: Edgeprop៕
