ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអគារខុនដូខ្ពស់ៗនៅក្នុងទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីតំណាងឱ្យប្រណីតភាពនៃការរស់នៅ ដោយរួមបញ្ចូលគ្នានូវទីតាំងសំខាន់ៗជាមួយនឹងសេវាកម្ម និងការប្រើប្រាស់គ្រឿងបរិក្ខារលំដាប់កំពូល។
ខាងក្រោមនេះជាអគារខុនដូថ្លៃជាងគេបំផុតចំនួន៥នៅទីក្រុងគូឡាឡាំពួរ ដោយផ្អែកលើតម្លៃក្នុងមួយហ្វីតការ៉េ គិតត្រឹមខែឧសភា ឆ្នាំ២០២៥៖
ទី១: អគារ ViPod Residences
អគារនេះមានទីតាំងនៅតាមបណ្តោយវិថី Jalan Kia Peng នៅចំកណ្តាលទីក្រុងគូឡាឡាំពួរ។ខុនដូនៅអគារ ViPod Residences មានតម្លៃចំនួន២៧២៣,៧៤រីងហ្គីត(ប្រមាណ៦៤៧ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។
ដោយសារមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ អគារ ViPod Residences ផ្តល់នូវរបៀបរស់នៅទាន់សម័យ ស្ថិតនៅជិតមជ្ឈមណ្ឌលអាជីវកម្ម និងកន្លែងកម្សាន្តធំៗ។
ទី២: អគារ The Ritz-Carlton Residences
អគារ The Ritz-Carlton Residences មានទីតាំងនៅតាមបណ្តោយវិថី Jalan Sultan Ismail នៅតំបន់កណ្តាលទីក្រុងគូឡាឡាំពួរ។ខុនដូនៅអគារនេះមានតម្លៃចំនួន២៥៧៩,៥៤រីងហ្គីត(ប្រមាណ៦១៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។
អគារ Ritz-Carlton Residences ផ្តល់ជូននូវសេវាកម្ម និងសេវាកម្មបរិក្ខារលំដាប់ថ្នាក់ពិភពលោកនៅជិតអគារភ្លោះ Petronas Towers ដ៏ល្បីល្បាញប្រចាំទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុី ដែលភ្ញៀវទេសចរណ៍បរទេសប្រាថ្នាមកទស្សនា។
ទី៣: អគារ The Binjai On The Park
អគារនេះមានទីតាំងនៅតាមបណ្តោយវិថី Jalan Binjai ដែលមានតម្លៃខុនដូចំនួន២.២៧៤រីងហ្គីត(ប្រមាណ៥៤០,២ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។អ្នករស់នៅក្នុងអគារនេះអាចគយគន់ទិដ្ឋភាពអគារភ្លោះ Petronas Towers និងសួន KLCC Park ជាមួយនឹងយូនីតខុនដូធំទូលាយ និងជណ្តើរយន្តឯកជន។
ទី៤: អគារ Rimbun Embassy Row
អគារនេះមានទីតាំងនៅតាមបណ្តោយវិថី Jalan Ampang Hilir ស្ថិតនៅភាគខាងកើតនៃទីក្រុងគូឡាឡាំពួរ ដែលមានតម្លៃខុនដូចំនួន១២៨៦,៦រីងហ្គីត(ប្រមាណ៣០៥,៦ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។
អគារ Rimbun Embassy Row មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានកិត្យានុភាពដែលហ៊ុព័ទ្ធដោយស្ថានទូតរបស់បណ្តាប្រទេសនានា។ អគារនេះអាចផ្តល់នូវការរស់នៅដ៏ប្រណិតជាមួយនឹងយូនីតខុនដូធំទូលាយ និងបរិក្ខារពិសេស។
ទី៥: អគារ 18 Madge
អគារ 18 Madge មានទីតាំងស្ថិតនៅក្នុងសង្កាត់ Ampang Hilir ភាគខាងកើតរបស់ទីក្រុងគូឡាឡាំពួរ។ខុនដូនៅអគារនេះមានតម្លៃចំនួន១២៥៣,៩០រីងហ្គីត(ប្រមាណ២៩៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ៕