បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ធំជាងគេទាំង៤ នៅហ្វីលីពីនជួយជំរុញការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន S&P Global Ratings បានអះអាងថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេទាំង៤ របស់ប្រទេសហ្វីលីពីនកំពុងជំរុញការស្ទុះងើបឡើងវិញនៃទីផ្សារ ដោយងាកទៅសាងសង់គម្រោងលំនៅដ្ឋានថ្លៃៗសម្រាប់លក់ទៅឱ្យអតិថិជន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ទីភ្នាក់ងារវាយតម្លៃឥណទានខាងលើបានព្យាករណ៍ថា ក្រុមហ៊ុន Ayala Land Inc ក្រុមហ៊ុន Megaworld Corp ក្រុមហ៊ុន Robinsons Land Corp និងក្រុមហ៊ុន SM Prime Holdings Inc. នឹងបង្កើនការវិនិយោគរបស់ពួកគេនៅក្នុងគម្រោងលំនៅដ្ឋានថ្លៃកប់ពពកក្នុងរយៈពេលពី១ឆ្នាំទៅ២ឆ្នាំខាងមុខ។

ប្រសិនបើបូកសរុបបញ្ចូលគ្នា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សទាំង៤នេះ គ្របដណ្តប់ចំណែក៦០ភាគរយនៃទំហំមូលធនបត្រទីផ្សារសរុបនៃវិស័យអចលនទ្រព្យរបស់ប្រទេសហ្វីលីពីន។នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មានហ្វីលីពីន Inquirer.Net។

យោងតាមការសិក្សារបស់ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃឥណទាន S&P បានឱ្យដឹងបន្តថា ការបង្កើនការវិនិយោគរបស់ក្រុមហ៊ុនទាំងនេះលើការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់បានជំរុញឱ្យការវិនិយោគដើមទុនរបស់ពួកគេកើនឡើងដល់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។

ទីភ្នាក់ងារវាយតម្លៃឥណទានបានចាត់ទុកថា នេះជាយុទ្ធសាស្ត្រកំណើន ដែលអាចជួយដោះស្រាយបញ្ហាមួយចំនួនបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការរបស់អ្នកទិញផ្ទះតម្លៃមធ្យម បន្ទាប់ពីរងផលប៉ះពាល់ដោយសារកម្រិតអត្រាការប្រាក់ និងអត្រាអតិផរណាខ្ពស់។

ក្រុមហ៊ុន S&P បានវិភាគបន្ថែមទៀតថា “ផ្នែកដ៏ធំមួយនៃទីផ្សារក្នុងស្រុក ដែលផ្គត់ផ្គង់លំនៅដ្ឋានមានតម្លៃសមរម្យនឹងនៅតែបន្តជួបប្រទះបញ្ហាផ្គត់ផ្គង់លើសតម្រូវការ ជាពិសេសនៅក្នុងរដ្ឋធានីម៉ានីល (Metro Manila) ដែលមានខុនដូជាច្រើននៅទំនេរលក់មិនដាច់៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here