ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថាស្ថានភាពទីផ្សារអចលនវត្ថុម្ពុជាបាននិងកំពុងមានសភាពប្រសើរឡើង ពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារអចលនទ្រព្យចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយមានអ្នកវិនិយោគទាំងខ្មែរ និងបរទេស ពិសេសជនជាតិចិនបានឆ្ពោះទៅកាន់តំបន់នោះ។
-->

លោកបញ្ជាក់ថា “មូលហេតុដែលតំបន់ភាគខាងត្បូងរាជធានីមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាងគេ ដោយសារជាតំបន់ព្រលានថ្មី ដែលបើកដំណើរការឆាប់ៗនេះ ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ”។ លោកបន្តថា “ការជីកព្រែកហ្វូណនតេជោ និងការបើកដំណើរការព្រលានយន្តហោះថ្មី នឹងធ្វើឲ្យលំនៅដ្ឋាន រផងចក្រ សហគ្រាសកាន់តែច្រើនរីកទៅកាន់តំបន់នោះ”។
លោកឌិត ចណ្ណាបានបន្តថា ទោះជាយ៉ាងណា តម្លៃដីធ្លីមិនទាន់ហក់ឡើងនៅឡើយទេ វាត្រូវការពេលវេលាបន្ថែមទៀត ប៉ុន្តែប្រសិនជាសកម្មភាពទិញ ដូរកាន់តែសកម្ម ស្ថានភាពតម្លៃដីធ្លី និងអចលនទ្រព្យ នៅភាគខាងត្បូង នឹងមានសញ្ញាវិជ្ជមានកាន់តែច្រើនបន្ថែមទៀត៕

