ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានឱ្យដឹងថា អគារខុនដូ Gentry Residences ដែលមានខុនដូចំនួន៣៩១យូនីតនៅក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅត្រីមាសទី១ ឆ្នាំ២០២៥។
ទន្ទឹមនឹងនោះ គម្រោងអភិវឌ្ឍន៍ផ្សេងទៀត ដែលកាលពីដើមឡើយគ្រោងនឹងបញ្ចប់ក្នុងត្រីមាសទី១ ត្រូវបានពន្យារពេលដល់ត្រីមាសទី៤ ឆ្នាំ២០២៥។នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីចុងក្រោយបង្អស់ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL។
អត្រាលំនៅដ្ឋានដែលទុកទំនេរចោល(Vacancy Rate) នៅក្នុងរដ្ឋធានីម៉ានីលបានធ្លាក់ចុះបន្តិចមកនៅត្រឹម៦,៩ភាគរយ ថយចុះ០,១៧៤ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដោយសារតែតម្រូវការជួលដ៏រឹងមាំនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល Makati និងតំបន់ Taguig។
-->
សកម្មភាពទីផ្សារជួលលំនៅដ្ឋាននៅទីក្រុងម៉ានីលបានកើនឡើង ដែលបណ្តាលជាចម្បងមកពីការជួលដោយបុគ្គលិកបរទេស ថ្នាក់ដឹកនាំប្រតិបត្តិរបស់ក្រុមហ៊ុននានា និងក្រុមអ្នកជំនាញក្នុងការរៀបចំការងារ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានឱ្យដឹងថា តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅក្នុងទីក្រុងម៉ានីលបានស្ថិតនៅទ្រឹងក្នុងរង្វង់៨៤៧,៧ប៉េសូក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ដោយសារតម្រូវការជួលដោយជនបរទេសមានស្ថិរភាព។
ចំណែកឯ ទីផ្សារលក់លំនៅដ្ឋានបានបង្ហាញពីដំណើរការដ៏រឹងមាំ ដោយសម្រេចបាននូវដំណើរការនៃការលក់ល្អប្រសើរនៅក្នុងតំបន់សំខាន់ៗដូចជាតំបន់ពាណិជ្ជកម្មកណ្តាល Makati និងតំបន់ Taguig ។
តម្លៃលក់លំនៅដ្ឋានជាមធ្យមបានកើនឡើង០,៩ភាគរយដល់២៩៩.៤៣៤ប៉េសូក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី១ ឆ្នាំនេះធៀបនឹងត្រីមាសទី៤ ឆ្នាំមុន ស្របពេលមានការលើកទឹកចិត្តពិសេសថ្មី ដើម្បីជំរុញសកម្មភាពលក់៕
