ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិកក្នុងខែមេសាបានកើនឡើងលើសពីការរំពឹងទុកដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពីមានការលើកទឹកចិត្តពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ នៅក្នុងគោលបំណងកាត់បន្ថយបញ្ហាខ្វះខាតនូវលំនៅដ្ឋានតម្លៃសមរម្យ។
ការលក់ផ្ទះទោលថ្មីនៅទូទាំងប្រទេសបានកើនឡើងជិត១១ភាគរយកាលពីខែមេសាដល់អត្រាប្រចាំឆ្នាំចំនួន៧៤៣.០០០យូនីត។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក។ តួលេខនេះមានកម្រិតលើសពីការព្យាករណ៍ក្នុងការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg។

-->
ការកើនឡើងនេះជាសញ្ញាបង្ហាញថា ទីផ្សារលំនៅដ្ឋានថ្មីកំពុងរក្សាបានសន្ទុះល្អប្រសើរជាងទីផ្សារលំនៅដ្ឋានលក់បន្ត(Resale) ដែលការណ៍នេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ក្នុងការបញ្ចុះតម្លៃ និងផ្តល់នូវការលើកទឹកចិត្តតាមរយៈរូបភាពផ្សេងៗក្នុងគោលដៅដើម្បីបង្កើនការលក់ផ្ទះថ្មី។
ទោះជាយ៉ាងនេះក្តី លោក Samuel Tombs សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័ន Pantheon Macroeconomics បានអះអាងថា ការកើនឡើងនៃការលក់ផ្ទះថ្មីបណ្តាលមកពីកត្តារយៈពេលខ្លី។ នេះមិនមែនជាកំណើនពិតប្រាកដនៃតម្រូវការរយៈពេលវែងនោះទេ”។
លោក Samuel Tombs បានរំពឹងថា ការលក់លំនៅដ្ឋាននៅសហរដ្ឋអាមេរិកនឹងធ្លាក់ចុះវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះនៅតែមានកម្រិតខ្ពស់ក្នុងរង្វង់ជិត៧ភាគរយ។
ទស្សនវិស័យសម្រាប់ទីផ្សារលំនៅដ្ឋានអាមេរិកនៅឆ្នាំនេះនៅតែមានភាពមិនច្បាស់លាស់ ដោយសារបញ្ហាកង្វះលទ្ធភាពទិញផ្ទះ ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ។ ជាងនេះទៅទៀត ការព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកអំពីស្ថានភាពហិរញ្ញវត្ថុ និងទស្សនវិស័យទីផ្សារការងារកំពុងមានការកើនឡើង៕