ដោយ: គង់ លាងហួរ
បាងកក: យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានរាយការណ៍ឱ្យដឹងថា ការផ្ទេរកម្មសិទ្ធិខុនដូទៅកាន់ជនបរទេសនៅក្នុងប្រទេសថៃបានថយចុះបន្តិច ដែលក្នុងនោះការលក់ខុនដូទៅឱ្យអតិថិជនចិននៅតែបន្តនាំមុខគេ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The Nation។
ទោះជាយ៉ាងណា ការលក់ខុនដូទៅឱ្យអតិថិជនមកពីប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងគំហុក ដោយឈរនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីជនជាតិចិន ខណៈដែលអតិថិជនមកពីប្រទេសរុស្ស៊ីបានទិញខុនដូ ដែលមានតម្លៃកាន់តែខ្ពស់នៅក្នុងប្រទេសថៃ។
ស្របពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល និងការប្រុងប្រយ័ត្នរបស់អ្នកទិញ ការផ្ទេរខុនដូទៅកាន់ជនបរទេសក្នុងប្រទេសថៃមានចំនួន៣.៩១៩យូនីតក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន១៦,៣៩ពាន់លានបាត។ តួលេខនេះបង្ហាញពីការថយចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។