តើទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូលមានស្ថានភាពតម្រូវការ និងតម្លៃជួលដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិត A នៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានស្ថិតនៅទ្រឹងក្នុងរង្វង់២,៦ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ចំណែក អត្រាការិយាល័យទំនេរនៅក្នុងតំបន់ពាណិជ្ជកម្មក្នុងសង្កាត់ Gangnam (GBD) និងតំបន់ពាណិជ្ជកម្មក្នុងសង្កាត់ Yeoido (YBD) របស់រដ្ឋធានីសេអ៊ូល បានធ្លាក់ចុះ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានរាយការណ៍ថា តម្លៃជួលការិយាល័យជាមធ្យមបានកើនឡើង១,៥ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុនដល់៣៨.៧០៩វ៉ុន(ប្រមាណ២៨,១២ដុល្លារអាមេរិក)ក្នុងមួយម៉ែតការ៉េ ខណៈម្ចាស់អគារមួយចំនួនបានដំឡើងតម្លៃជួលកាលពីដើមឆ្នាំ២០២៥។

អត្រាការិយាល័យទំនេរនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងសេអ៊ូលបានកើនឡើងពី១,៩ភាគរយដល់២,៧ភាគរយ ដោយសារការថយចុះនៃតម្រូវការ និងការផ្គត់ផ្គង់ថ្មី។ គម្រោងសាងសង់អគារការិយាល័យ Cho-dong 107 ដែលមានផ្ទៃក្រឡាចំនួន៣៨.៨៦០ម៉ែត្រការ៉េបានបរាជ័យក្នុងការទាក់ទាញអ្នកជួល មុនពេលបញ្ចប់ការសាងសង់។

ផ្ទុយទៅវិញ អត្រាការិយាល័យទំនេរនៅតំបន់ពាណិជ្ជកម្ម GBD ក្នុងសង្កាត់ Gangnam បានធ្លាក់ចុះពីអត្រា២,៤ភាគរយមកនៅត្រឹម២,១ភាគរយនៅត្រីមាសទី១ ស្របពេលមានតម្រូវការពង្រីកការជួលដោយបណ្តាក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា។

ជាមួយគ្នានេះ បើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានឱ្យដឹងទៀតថា អត្រាការិយាល័យទំនេរនៅក្នុងតំបន់ពាណិជ្ជកម្ម YBD អត្រាទំនេរបានធ្លាក់ចុះ០,៤ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុនមកនៅត្រឹមអត្រា៣ភាគរយកាលពីត្រីមាសទី១ ដែលគាំទ្រដោយតម្រូវការជួលប្រកបដោយនិរន្តរភាពពីបណ្តាស្ថាប័នហិរញ្ញវត្ថុនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here