ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ អគារខ្ពស់ៗកប់ពពកជាច្រើននៅទូទាំងពិភពលោកបានឈានដល់ដំណាក់កាលជិតបញ្ចប់ការសាងសង់ ឬបាននិងកំពុងបន្តដំណើរការស្ថាបនាឡើងវិញនាពេលថ្មីៗនេះ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅរបស់គម្រោងអគារកប់ពពកមួយចំនួន៖
ទី១: អគារ Jeddah Tower

-->
អគារ Jeddah Tower ត្រូវបានគេរំពឹងថា នឹងមានកម្ពស់ជាង១.០០០ម៉ែត្រ។ អគារនេះស្ថិតនៅទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការសាងសង់អគារ Jeddah Tower បានបន្តដំណើរការឡើងវិញនៅខែមករា ឆ្នាំនេះ បន្ទាប់ពីបានផ្អាកតាំងពីឆ្នាំ២០១៨។
គម្រោងអគារ Jeddah Tower ត្រូវបានរចនាឡើងដោយលោក Adrian Smith ដែលជាស្ថាបត្យករអាមេរិកដ៏ល្បីល្បាញ។ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ពិភពលោកនៅពេលសាងសង់រួចរាល់នៅឆ្នាំ២០២៨ខាងមុខ។
ទី២: អគារ Merdeka 118

គម្រោងអគារ Merdeka 118 ស្ថិតនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីមានកម្ពស់៦៤៤ម៉ែត្រ។ គិតមកទល់ពេលបច្ចុប្បន្ន អគារនេះជិតបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយ។អគារ Merdeka 118 នឹងក្លាយជាអគារខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអគារ Burj Khalifa ដែលរួមមានអចលនទ្រព្យប្រើប្រាស់ចម្រុះ ដូចជាសណ្ឋាគារ និងលំនៅដ្ឋាន។
ទី៣: អគារ Tianfu Center

អគារ Tianfu Center ដែលស្ថិតនៅទីក្រុង Chengdu នៃប្រទេសចិន មានកម្ពស់៤៨៩ម៉ែត្រ។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ។
អគារ Tianfu Center ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Kohn Pedersen Fox ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅទីក្រុង Chengdu នៅពេលសាងសង់រួចរាល់។
ទី៤: អគារ China International Silk Road Center

អគារនេះមានទីតាំងនៅទីក្រុង Xi’an របស់ប្រទេសចិន ដែលមានកម្ពស់៤៩៨ម៉ែត្រ។បច្ចុប្បន្ន គម្រោងអគារ China International Silk Road Center កំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៥នេះ។
អគារខ្ពស់កប់ពពកនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ Skidmore, Owings & Merrill របស់សហរដ្ឋអាមេរិក ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ទីក្រុង Xi’an ។
ទី៥: អគារ Fuyuan Zhongshan 108 IFC

អគារនេះមានទីតាំងនៅក្នុងទីក្រុង Zhongshan នៃប្រទេសចិន ដែលមានកម្ពស់៤៩៨ម៉ែត្រ។ បច្ចុប្បន្ន អគារនេះកំពុងស្ថិតក្រោមការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ។ អគារ Fuyuan Zhongshan 108 IFC នឹងរួមមានទាំងបន្ទប់សណ្ឋាគារ និងការិយាល័យ៕