តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមហក់ឡើងថ្លៃចំនួន៥៩ភាគរយត្រឹមរយៈពេល៥ឆ្នាំចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងបន្តសម្រេចបានកំណើនខ្ពស់នៅឆ្នាំ២០២៥ បន្ទាប់ពីទីផ្សារបានចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤។ សញ្ញាវិជ្ជមាននេះត្រូវបានជំរុញដោយកត្តាសំខាន់ៗមួយចំនួន ដូចជា ការកែទម្រង់ច្បាប់ កំ៉ណើនសេដ្ឋកិច្ច ការវិនិយោគពីបរទេស និងហេដ្ឋារចនាសម្ព័ន្ធ។

ទីផ្សារអាផាតមុិនវៀតណាមត្រូវបានគេរំពឹងថា នឹងនាំមុខគេក្នុងការងើបឡើងវិញ ដោយផ្តោតលើគម្រោងដែលមានស្ថានភាពផ្លូវច្បាប់ច្បាស់លាស់ និងតម្លៃសមរម្យ។

ការបើកដំណើរការលក់អាផាតមុិនថ្មីនៅទីក្រុងហាណូយអាចកើនឡើងដល់ចន្លោះពី៤០.០០០យូនីតទៅ៤៥.០០០យូនីតក្នុងឆ្នាំ២០២៥នេះ លើសពីការបើកដំណើរការលក់អាផាតមុិនចំនួន៣០.១០០យូនីតកាលពីឆ្នាំ២០២៤។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍កំពុងពង្រីកការវិនិយោគទៅកាន់តំបន់ថ្នាក់ខេត្ត ដោយផ្តោតលើទីក្រុងរណប និងមជ្ឈមណ្ឌលឧស្សាហកម្មធំៗដូចជា ទីក្រុង Nghe An ទីក្រុង Thanh Hoa ទីក្រុង Quang Ninh ទីក្រុង Bac Ninh និងទីក្រុង Bac Giang។

ការ​សម្រេចចិត្តងាកទៅបោះទុនវិនិយោគនៅតាមបណ្តាខេត្តទាំង​នេះ​ ដោយ​សារ​តែ​កង្វះ​ដីធ្លី និង​ការ​កើន​ឡើង​នូវថ្លៃដើមលើការអភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​កណ្តាល​ក្រុង។

គិតចាប់ពីត្រីមាសទី២ ដល់ត្រីមាសទី៤ នៃឆ្នាំ២០២៥នេះ វិស័យអចលនទ្រព្យវៀតណាមត្រូវបានគេរំពឹងថា នឹងមានសន្ទុះនៃការរីកចម្រើនខ្លាំង ដោយសារតែកំណើននៃការបោះទុនវិនិយោគដើម្បីអាចរកបានប្រាក់ចំណេញខ្ពស់ដូចជា ដីឡូតិ៍ និងគម្រោងផ្ទះវីឡាជាដើម។

តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានហក់ឡើងចំនួន៥៩ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ តួលេខនេះមានកម្រិតខ្ពស់ជាងបណ្តាប្រទេសដទៃផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ដែលសម្រេចបានកំណើនចំនួន៥៤ភាគរយ អូស្ត្រាលីសម្រេចបានចំនួន៤៩ភាគរយ ជប៉ុនសម្រេចបានចំនួន៤១ភាគរយ និងសិង្ហបុរីសម្រេចបានចំនួន៣៧ភាគរយ។

នៅឆ្នាំ២០២៥នេះ តម្លៃអចលនទ្រព្យថ្មី និងតម្លៃអចលនទ្រព្យប្រភេទទី២ (Second-hand) នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយសារការកើនឡើងនៃការចំណាយថ្លៃដើមទុនវិនិយោគលើការអភិវឌ្ឍន៍គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here