ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមមានការប្រែប្រួលយ៉ាងខ្លាំងនៅទូទាំងតំបន់ផ្សេងៗគ្នា គិតនៅត្រឹមខែឧសភា ឆ្នាំ២០២៥នេះ ដោយរងឥទ្ធិពលពីកត្តានានាដូចជា ភូមិសាស្ត្រទីតាំង ស្ថានភាពការអភិវឌ្ឍន៍ និងតម្រូវការ។
តួយ៉ាង ដីនៅក្នុងតំបន់ Emirates Hills ដែលសម្បូរដោយសហគមន៍ផ្ទះវីឡាប្រណីតនៅក្នុងទីក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុយក្សលើពិភពលោកមានតម្លៃជាមធ្យមចន្លោះពី៦.២៦២ដុល្លារទៅ៧.៦២៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

-->
ចំណែក ដីនៅតំបន់កោះសិប្បនិម្មិត Palm Jumeirah ដ៏ល្បីល្បាញបំផុតរបស់ទីក្រុងឌូបៃមានតម្លៃជាមធ្យមចន្លោះពី៦.៨០៧ដុល្លារទៅ១០.៨៩០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។តំបន់នេះមានតម្រូវការអចលនទ្រព្យប្រណីតខ្ពស់។កោះ Palm Jumeirah មានទិដ្ឋភាពឆ្នេរសមុទ្រដ៏ទាក់ទាញ និងមានអត្រាផលចំណេញត្រឡប់ពីការជួលអចលនទ្រព្យចន្លោះពី៦ភាគរយទៅ៨ភាគរយ។
ជាមួយគ្នានោះ ដីនៅក្នុងតំបន់ Downtown Dubai ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើករបស់ទីក្រុងឌូបៃ ដោយសារមានអគារខ្ពស់ជាងលើពិភពលោក Burj Khalifa មានតម្លៃជាមធ្យមចំនួន៧.៨៩៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តំបន់នេះប្រមូលផ្តុំដោយគម្រោងលំនៅដ្ឋានប្រណីត និងអគារពាណិជ្ជកម្មខ្ពស់ៗកប់ពពក។

ដីនៅតំបន់ Dubai Marina មានតម្លៃជាមធ្យមចន្លោះពី៤.៦២៨ដុល្លារទៅ៦.២៦២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅតំបន់ Dubai Hills Estate មានតម្លៃជាមធ្យមចន្លោះពី៣.២៦៧ដុល្លារទៅ៣.៨១២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ចំណែកឯ ដីនៅលើកោះ Pearl Jumeirah មានតម្លៃជាមធ្យមចន្លោះពី៦.៨០៧ដុល្លារទៅ៨.១៦៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តំបន់សហគមន៍លំនៅដ្ឋានជាប់មាត់សមុទ្រនេះទាក់ទាញអ្នកដែលកំពុងស្វែងរកភាពឯកជនផ្តាច់មុខ និងភាពស្ងប់ស្ងាត់៕
