ប្រទេសថៃ និងជប៉ុនសម្រេចបានអត្រាកំណើនតម្លៃស្នាក់នៅសណ្ឋាគារខ្ពស់ជាងគេក្នុងតំបន់អាសុីប៉ាសុីហ្វិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានលើកឡើងថា ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីជំងឺរាតត្បាត។

ទោះជាយ៉ាងណា សន្ទុះនៃកំណើនបាននិងកំពុងថយចុះនៅក្នុងឆ្នាំ២០២៥ និងឈានចូលដល់ដំណាក់កាលមួយដែលមានស្ថិរភាព។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ក្រុមហ៊ុន Colliers បានគូសបញ្ជាក់ថា ទំហំនៃការវិនិយោគសណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបានដាំក្បាលចុះ១៩ភាគរយមកនៅត្រឹមចំនួន២,១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លំហូរវិនិយោគនៅតែបន្តហូរចូលទៅកាន់ទីផ្សារបដិសណ្ឋារកិច្ចរបស់ប្រទេសមួយចំនួនក្នុងតំបន់ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers។

របាយការណ៍ដដែលបានបន្ថែមថា ប្រទេសសិង្ហបុរីក៏នៅតែបន្តជាប់ឈ្មោះជាគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគសណ្ឋាគារក្នុងតំបន់អាសុីប៉ាសុីហ្វិកផងដែរ។

លោក Govinda Singh អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន Colliers បានលើកឡើងថា “ការធ្លាក់ចុះនៃការវិនិយោគលើទីផ្សារបដិសណ្ឋារកិច្ចនៅត្រីមាសទី១ ពុំមែនជារឿងភ្ញាក់ផ្អើលនោះទេ។ ភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយអាចនាំឱ្យវិនិយោគិនមានការប្រុងប្រយ័ត្ន”។

លោករំពឹងថា សកម្មភាពវិនិយោគលើសណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងមានការកើនឡើងវិញចាប់ពីត្រីមាសទី២ ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ ខណៈពេលដែលលក្ខខណ្ឌទីផ្សារមានស្ថិរភាព។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលធ្លាប់ពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍ចិន កំពុងព្យាយាមចាប់យកឱកាសពីមូលដ្ឋាននៃកំណើនភ្ញៀវទេសចរណ៍ឥណ្ឌា។

យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យរបស់សហរដ្ឋអាមេរិក CoStar បានឱ្យដឹងថា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅតំបន់អាសុីប៉ាសុីហ្វិកបានកើនឡើង៣,៣ភាគរយ ដល់ចំនួន៩២ដុល្លារអាមេរិកក្នុងមួយយប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

ក្នុងចំណោមនោះ ប្រទេសថៃ និងប្រទេសជប៉ុនបាននាំមុខគេ ដោយតម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅប្រទេសទាំង២នេះបានហក់ឡើង១៤,៧ភាគរយ និង១១,៩ភាគរយដល់ចំនួន១៥៤ដុល្លារ និង១២៧ដុល្លាររៀងគ្នាក្នុងមួយយប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here