តើក្រុមអ្នកវិភាគវាយតម្លៃដូចម្តេចចំពោះស្ថានភាពវិស័យអចលនទ្រព្យចិនក្នុងឆ្នាំ២០២៥នេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ខណៈតម្លៃផ្ទះរំពឹងថា នឹងធ្លាក់ចុះជិត៥ភាគរយ មុនពេលស្ថិតនៅទ្រឹងនៅឆ្នាំ២០២៦ ដោយសារកង្វះទំនុកចិត្តអ្នកទិញ។នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមការស្ទង់មតិថ្មីទៅលើក្រុមអ្នកវិភាគចំនួន១២នាក់ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែឧសភា បានបង្ហាញថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះ៤,៨ភាគរយ នៅឆ្នាំនេះ លើសពីការព្យាករណ៍កាលពីខែកុម្ភៈថា នឹងធ្លាក់ចុះ២,៥ភាគរយ។ ចំណែក ក្នុងឆ្នាំ២០២៦ តម្លៃផ្ទះរំពឹងថា នឹងស្ថិតនៅទ្រឹង។

តម្លៃផ្ទះនៅប្រទេសនេះបានធ្លាក់ចុះ៤,៨ភាគរយកាលពីឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។នេះបើយោងតាមការគណនាដោយស្ថាប័ន E-House ដែលជាភ្នាក់ងារលក់អចលនទ្រព្យ និងធ្វើទីផ្សារឈានមុខគេនៅក្នុងប្រទេសចិន ដោយផ្អែកលើទិន្នន័យពីការិយាល័យស្ថិតិរបស់ប្រទេសចិន។

លោកស្រី Lulu Shi អ្នកជំនាញជាន់ខ្ពស់នៅក្រុមហ៊ុន Fitch Ratings បានវាយតម្លៃថា “ទំនុកចិត្តនៅក្នុងវិស័យអចលនទ្រព្យចិនកំពុងបន្តរងផលប៉ះពាល់ ដោយសារកត្តានានាជាច្រើន ដូចជាកំណើននៃចំនួនផ្ទះលក់មិនទាន់ដាច់ ការធ្លាក់ចុះនៃទីផ្សារការងារ និងការធ្លាក់ចុះនៃលទ្ធភាពរបស់អ្នកទិញ”។

លោកស្រី Shi បានបន្ថែមថា “ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងប្រទេសចិនអាចនាំឱ្យកំណើនសេដ្ឋកិច្ចថយចុះ ដែលអាចធ្វើឱ្យទំនុកចិត្តរបស់អ្នកទិញផ្ទះធ្លាក់ចុះកាន់តែខ្លាំង”។

ប្រទេសចិនក៏បានដាក់ចេញវិធានការគាំទ្រជាច្រើនកាលពីឆ្នាំមុន រួមទាំងការជំរុញឱ្យរដ្ឋបាលក្នុងតំបន់មូលដ្ឋានជួយទិញផ្ទះដែលលក់មិនទាន់ដាច់ពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលជំពាក់បំណុលគេយ៉ាងច្រើន។

ទោះជាយ៉ាងណា លោក Yingxue Ren នាយករងផ្នែកវាយតម្លៃសាជីវកម្មនៅក្រុមហ៊ុន S&P Global (China) Ratings បានលើកឡើងថា វិធានការទាំងនេះមានប្រសិទ្ធភាពតិចតួច ខណៈតម្រូវការផ្ទះនៅតាមទីក្រុងតូចៗបន្តមានកម្រិតទាប ហើយអ្នកទិញបានងាកទៅកាន់ទីផ្សារក្នុងទីក្រុងធំៗ។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ការលក់អចលនទ្រព្យនៅប្រទេសចិននៅឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៥ភាគរយ ខណៈដែលការវិនិយោគត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ៨,៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here