ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេសុីកំពុងរៀបចំគម្រោងផ្តល់មូលនិធិដល់កម្មវិធីសាងសង់លំនៅដ្ឋានតម្លៃសមរម្យចំនួន៣លានយូនីតក្នុងមួយឆ្នាំ ក្នុងចំណោមគម្រោងមហិច្ឆិតាផ្សេងទៀត តាមរយៈការបោះផ្សាយលក់មូលបត្របំណុល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពនៃការវិនិយោគពីបរទេស។
ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto បានប្រកាសអំពីមហិច្ឆិតាក្នុងការសាងសង់ផ្ទះឱ្យបានចំនួន៣លានយូនីតក្នុងមួយឆ្នាំៗ។ ម្យ៉ាងវិញទៀត ប្រជាជនឥណ្ឌូនេសុីប្រមាណ១៥លានគ្រួសារនឹងទទួលបានលំនៅដ្ឋានសមរម្យក្នុងអំឡុងអាណត្តិ៥ឆ្នាំរបស់លោក។
លោក Hashim Djojohadikusumo បេសកជនរបស់ប្រធានាធិបតីឥណ្ឌូនេសុីបានលើកឡើងថា “យើងស្វាគមន៍ការវិនិយោគពីបរទេស។ ប៉ុន្តែ យើងមិនចង់ពឹងផ្អែកទាំងស្រុងទៅលើអ្នកវិនិយោគអន្តរជាតិសម្រាប់កម្មវិធីលំនៅដ្ឋាននោះទេ។ យើងបានធ្វើការគណនាមួយចំនួនក្នុងរយៈពេល៧ខែ ឬ៨ខែកន្លងមកនេះ។ យើងជឿជាក់ថា យើងមានសាច់ប្រាក់ងាយស្រួលដើម្បីអាចផ្តល់ហិរញ្ញប្បទាន”។
លោក Hashim បានបង្ហើបថា លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Sri Mulyani ដោយបង្ហាញពីផែនការរបស់ក្រសួងក្នុងការបោះផ្សាយលក់មូលបត្របំណុល SDG ផងដែរ។ SDG ជាពាក្យកាត់ ដែលតំណាងឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Sustainable Development Goal)។
ផ្នែកមួយចំនួននៃកម្មវិធីនេះគ្រាន់តែជាការជួសជុលផ្ទះ ដែលមានស្រាប់ជំនួសឱ្យការសាងសង់ផ្ទះថ្មី។យោងតាមលោក Hashim បានឱ្យដឹងថា រដ្ឋាភិបាលនឹងលើកទឹកចិត្តឱ្យបណ្តាធនាគាររបស់រដ្ឋផ្តល់ប្រាក់កម្ចីដល់ប្រជាជនដើម្បីជួសជុល ឬទិញផ្ទះ។
លោក Hashim នៅតែមានទំនុកចិត្តថា កម្មវិធីសាងសង់លំនៅដ្ឋានចំនួន៣លានយូនីតក្នុងមួយឆ្នាំអាចក្លាយជាវិធានការជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ខណៈរដ្ឋបាលរបស់លោក Prabowo បានដាក់ចេញគោលដៅក្នុងការសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៨ភាគរយក្នុងអំ៉ឡុងអាណត្តិរយៈពេល៥ឆ្នាំរបស់លោក៕