សេដ្ឋវិទូ: សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងការខាតបង់ផ្នែកសេដ្ឋកិច្ច ពីគោលនយោបាយរបស់លោកដូណាល់ ត្រាំ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សេដ្ឋវិទូជាន់ខ្ពស់មួយរូបរបស់ធនាគារវិនិយោគអាមេរិកខ្នាតយក្ស J.P. Morgan បានអះអាងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចប្រឈមមុខនឹងហានិភ័យពីសំណើរគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើការដោះដូរពាណិជ្ជកម្ម អន្តោប្រវេសន៍ ពន្ធ និងសារពើពន្ធ ក៏ដូចជាបទប្បញ្ញត្តិផងដែរ។

លោកស្រី Joyce Chang ប្រធានផ្នែកស្រាវជ្រាវសកលរបស់ធនាគារ J.P. Morgan បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងក្នុងរង្វង់ប្រហែល២ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៥នេះ។ អត្រានេះមានកម្រិតទាបជាងកំណើនសេដ្ឋកិច្ចអាមេរិកកាលពី២ឆ្នាំមុន។

សហរដ្ឋអាមេរិកអាចបាត់បង់ការងារប្រហែល១០០.០០០កន្លែង ក្នុងមួយខែ ខណៈលោក ដូណាល់ ត្រាំ បានប្រកាសបណ្តេញជនអន្តោប្រវេសន៍ ហើយការចាកចេញនៃជនអន្តោប្រវេសន៍ក៏នឹងធ្វើឱ្យផលិតភាព និងការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកធ្លាក់ចុះផងដែរ។

លោកស្រី Chang បានមានប្រសាសន៍ឱ្យដឹងបន្តថា ការចំណាយផ្នែកសារពើពន្ធរបស់សហរដ្ឋអាមេរិកមិនមាននិរន្តរភាពទេ ហើយផលបត្ររតនាគាររបស់សហរដ្ឋអាមេរិកនឹងបន្តកើនឡើង។

សេដ្ឋវិទូរូបនេះបានកត់សម្គាល់ថា ទីផ្សាររតនាគាររបស់សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងបញ្ហា ដែលធ្លាប់បានកើតឡើងកាលពីខែសីហាឆ្នាំ២០២៣ ដោយនៅពេលនោះ ផលបត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតកំពូលព្រមគ្នា។

លើសពីនេះទៀត ការដាក់ពន្ធគយរបស់លោកដូណាល់ ត្រាំ លើលំហូរទំនិញនាំចូលពីប្រទេសម៉ិកស៊ិក ប្រទេសកាណាដា និងប្រទេសចិននឹងធ្វើឱ្យអត្រាអតិផរណារបស់សហរដ្ឋអាមេរិកកើនឡើង និងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការឱ្យដឹងពីលោកស្រី Joyce Chang។

លោកស្រី Chang បានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធសកលចំនួន១០ភាគរយ នោះវានឹងអាចធ្វើឱ្យការចំណាយជាមធ្យមក្នុងគ្រួសាររបស់ប្រជាពលរដ្ឋអាមេរិកកើនឡើងប្រហែល១.២៥០ដុល្លារអាមេរិកបន្ថែមទៀត។

លោកស្រី​បាន​អះអាងទៀត​ថា “មនុស្ស​ជា​ច្រើន​បានគិត​ថា​ សំណើ​រពន្ធ​ត្រូវ​បាន​ប្រើ​ប្រាស់ដើម្បី​ទទួល​បាន​ប្រៀបលើតុចរចា។ ប៉ុន្តែ ​ការណ៍នេះបានបង្កើន​កម្រិត​នៃ​ភាព​មិន​ប្រាកដ​ប្រជា”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here