បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានថៃធំៗប្រកាសការខាតបង់ប្រាក់ចំណេញយ៉ាងគំហុក ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
បាងកក: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើន ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនថៃ (SET) បានរាយការណ៍អំពីការធ្លាក់ចុះទាំងប្រាក់ចំណូល និងប្រាក់ចំណេញសុទ្ធនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ស្របពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការរឹតបន្តឹងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីទិញផ្ទះ។

ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ AP Thailand រកប្រាក់ចំណូលបាន៧,៧ពាន់លានបាត ដាំក្បាលចុះ១៧ភាគរយ និងរកប្រាក់ចំណេញសុទ្ធបាន៨៦៤លានបាត ដាំក្បាលចុះ៣៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុន Sansiri សម្រេចបានទំហំប្រាក់ចំណូលចំនួន៦,៩ពាន់លានបាត និងទំហំប្រាក់ចំណេញសុទ្ធចំនួន៨១៣លានបាត ដោយតំណាងឱ្យការដាំក្បាលចុះ៣១ភាគរយ និង៣៨ភាគរយរៀងគ្នាធៀបនឹងរយៈពេល៣ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យ Land & Houses (LH) ទទួលបានទំហំប្រាក់ចំណូលចំនួន៤,៧២ពាន់លានបាត និងប្រាក់ចំណេញសុទ្ធចំនួន៨៣៧លានបាត។ ទំហំទឹកប្រាក់នេះបានដាំក្បាលចុះ២៩ភាគរយ និង៣២ភាគរយរៀងគ្នា ខណៈចំណូលពីការជួល និងសេវាកម្មមានចំណែក៤៣ភាគរយនៃប្រាក់ចំណូលសរុបរបស់ខ្លួន ឬប្រហែល២ពាន់លានបាត។

ផលបត្រជួលរបស់ក្រុមហ៊ុនអចលនទ្រព្យ Land & Houses រួមមានផ្សារទំនើប Terminal 21 Rama 3 និងសណ្ឋាគារ Grande Center Point Surawong ក្នុងប្រទេសថៃ រួមជាមួយនឹងគម្រោងអាផាតមុិនចំនួន៣ និងសណ្ឋាគារចំនួន២ នៅសហរដ្ឋអាមេរិក។

ចំណែក ក្រុមហ៊ុន Pruksa Holding សម្រេចបានប្រាក់ចំណូលចំនួន៣,៧ពាន់លានបាត ដាំក្បាលចុះ១១ភាគរយ។ ប៉ុន្តែ ក្រុមហ៊ុនមួយនេះទទួលបានប្រាក់ចំណេញសុទ្ធក្នុងទំហំត្រឹមតែ១៣លានបាតប៉ុណ្ណោះ ដាំក្បាលចុះ៨០ភាគរយបើធៀបនឹងរយៈពេល៣ខែដំបូងដូចគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។

លោកស្រី Jintana Insee ប្រធានផ្នែកហិរញ្ញវត្ថុស្តីទីរបស់ក្រុមហ៊ុន Pruksa បានអះអាងថា “ការដាំក្បាលចុះនៃប្រាក់ចំណេញបណ្តាលមកពីការបញ្ចុះតម្លៃយូនីតលំនៅដ្ឋាននៅក្នុងគម្រោងដែលលក់មិនដាច់ជាយូរមកហើយ”៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here