តើគម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower នៅទីក្រុងហូជីមិញ គ្រោងចំណាយទុន និងចាប់ផ្តើមនៅពេលណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower នៅប្រទេសវៀតណាមត្រូវបានគេប៉ាន់ប្រមាណថា នឹងមានតម្លៃប្រហែល១ពាន់លានដុល្លារអាមេរិក ហើយការងារសាងសង់អគារ ដែលមានកម្ពស់យ៉ាងតិច៦០ជាន់អាចចាប់ផ្តើមនៅឆ្នាំក្រោយ។

យោងតាមកាសែត Reuters បានរាយការណ៍ឱ្យដឹងថា គម្រោងអគារ Trump Tower នេះកំពុងស្ថិតក្នុងដំណាក់កាលបឋមនៃការរៀបចំផែនការ។ អគារ Trump Tower នឹងក្លាយជាគម្រោងធំទី២ ដែលក្រុមហ៊ុន Trump Organization បោះវិនិយោគនៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្ន ប្រទេសសមាជិកអាស៊ានមួយនេះកំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធលើការនាំចូលទំនិញវៀតណាមទៅកាន់អាមេរិកចំនួន៤៦ភាគរយ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមេសាកន្លងទៅ។

កាលពីពេលថ្មីៗនេះ លោក Eric Trump អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ Trump Organization បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីស្ទាបស្ទង់មើលទីតាំងសម្រាប់សាងសង់អគារ Trump Tower នៅក្នុងទីក្រុងហូជីមិញ និងដើម្បីចូលរួមពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានវាយកូនហ្គោលនៅភាគខាងជើងប្រទេសវៀតណាម។

យោងតាមកាសែត Reuters បានឱ្យដឹងបន្តថា ក្រុមហ៊ុន Trump Organization នឹងគ្រប់គ្រងដំណើរការក្លឹបវាយកូនហ្គោល ខណៈក្រុមហ៊ុនដៃគូអចលនទ្រព្យ Kinhbac City ក្នុងស្រុករបស់វៀតណាមនឹងផ្តោតលើការអភិវឌ្ឍន៍អចលនទ្រព្យ ក្រោមទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារ។

យោងតាមឯកសារពីអាជ្ញាធរទីក្រុងបានបង្ហាញថា អគារ Trump Tower នឹងត្រូវបានសាងសង់នៅតំបន់ Thu Thiem ដែលជាតំបន់កំពុងអភិវឌ្ឍន៍នៅចំកណ្តាលទីក្រុងហូជីមិញ ហើយមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយនឹងត្រូវបានសាងសង់នៅតំបន់នេះផងដែរ។

ទំហំនៃការវិនិយោគអាចមានទំហំទឹកប្រាក់លើសពី១ពាន់លានដុល្លារអាមេរិក ប្រសិនបើរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យក្រុមហ៊ុនរបស់គ្រួសារលោក ត្រាំ សាងសង់អគារ Trump Tower ក្នុងកម្ពស់លើសពី៦០ជាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here