ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ សម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកសួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀង សម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងមានការចូលរួមពីតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
-->

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើលទ្ធផលការងារដែលសម្រេចពីកិច្ចប្រជុំលើកទី៥ ពិនិត្យលើវឌ្ឍនភាពការងារដែលក្រុមហ៊ុនមិនទាន់បានបំពេញ តាមការសម្រេចពីគណៈកម្មការ និងពិនិត្យពិភាក្សា លើសំណើមួយចំនួន ដូចជា
១).សំណើដាំដើមត្នោត ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លើបណ្តោយផ្លូវល្នឿនលឿន
២).សំណើដាំដើមឈើសងខាងផ្លូវពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
3).សំណើទិន្នន័យនិយាមការនៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
៤). សំណើផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ របស់ក្រសួងទេសចរណ៍ និង
៥). សំណើជួយសម្រួលរថយន្ត ម៉ូតូកង់៣ ចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ បណ្តាញឱ្យមានភាពកកស្ទះ ពីអាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ។ អង្គប្រជុំក៏បានពិភាក្សាអំពី ការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។
អង្គប្រជុំបាន ពិភាក្សាលើចំណុចនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីអង្គភាពជំនាយ និង ក្រុមហ៊ុនអនុវត្តបន្ត ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតប សំណើរពីស្ថាប័នពាក់ព័ន្ឋ ឲ្យបានឆាប់៕
