តម្រូវការខុនដូតម្លៃមធ្យមនៅទីផ្សាររបស់ទីក្រុងម៉ានីលអាចនឹងកើនឡើង ខណៈការផ្គត់ផ្គង់រំពឹងធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នជំនាញមួយបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋានក្នុងរដ្ឋធានីម៉ានីល (METRO MANILA) របស់ប្រទេសហ្វីលីពីននឹងសង្កេតឃើញមាននូវការបើកដំណើរការលក់ប្រភេទខុនដូតម្លៃមធ្យមក្នុងចំនួនកាន់តែតិចជាងមុនក្នុងរយៈពេល៣ឆ្នាំខាងមុខ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers Philippines អះអាងថា ការផ្គត់ផ្គង់ខុនដូតម្លៃមធ្យមនឹងបន្តថយចុះ ទោះបីជាមានការរំពឹងទុកថា ការកាត់បន្ថយអត្រាការប្រាក់ និងលំហូរចូលថេរនៃការផ្ញើប្រាក់ពីពលករហ្វីលីពីនធ្វើការនៅក្រៅប្រទេស (OFWs) អាចជួយគាំទ្រតម្រូវការខុនដូតម្លៃមធ្យមយ៉ាងណាក្តី។

ទីភ្នាក់ងារ Colliers បានឱ្យដឹងបន្តថា ការបើកលក់ខុនដូមុនសាងសង់រួចរាល់ ឬហៅថា“Pre-sale”នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បានកើនឡើងដល់ចំនួន៥.៣០០យូនីត។នេះជាកម្រិតខ្ពស់បំផុតប្រចាំត្រីមាសចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២៣មក។

គម្រោង​ធំៗ ​ដែល​បាន​បើក​ដំណើរការ​លក់មុនសាងសង់រួចរាល់ក្នុង​អំឡុង​រយៈពេល​នោះ​រួមមានគម្រោងខុនដូ Avida Towers Makati Southpoint Tower 3 របស់ក្រុមហ៊ុន Avida Land គម្រោង Urban Deca Tondo របស់ក្រុមហ៊ុន 8990 Holdings និងគម្រោង Haraya Residences របស់ក្រុមហ៊ុន Shang Robinsons Properties។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានដាក់នូវក្តីរំពឹងថា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលហ្វីលីពីន រួមជាមួយនឹងការបន្តហូរចូលនៃការផ្ទេរប្រាក់របស់ពលករហ្វីលីពីននៅបរទេស អាចជួយដល់ការងើបឡើងវិញនៃតម្រូវការលំនៅដ្ឋាន។

ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅទីក្រុងម៉ានីល ត្រូវបានគេព្យាករណ៍ថា នឹងមានចំនួនជាមធ្យម៥.៨០០យូនីតក្នុងមួយឆ្នាំ ធ្លាក់ចុះយ៉ាងគំហុកពីមធ្យមភាគប្រចាំឆ្នាំចំនួន១៣.០០០យូនីត ដែលបានកត់ត្រាចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here