ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារភ្លោះ Petronas Twin Towers ជាបេះដូងសម្រាប់វិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅក្នុងទីក្រុង គូឡាឡាំពួរ។ អគារ Petronas Twin Tower បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនា និងផ្ដិតយករូបភាពនាពេលរាត្រី។
នៅម៉ោងប្រមាណ៨យប់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើនបានមកអង្គុយមើលទេសភាព និងផ្ដិតយករូប Selfie ជាមួយអគារភ្លោះដ៏ស្រស់ស្អាត ដែលបញ្ចេញភ្លើងពណ៍ អមជាមួយសួនបាញ់ទឹកបញ្ចេញភ្លើងចម្រុះនៅក្បែរអគារនេះ។
អគារភ្លោះ Petronas Twin Towers មាន៨៨ជាន់ និងមានកម្ពស់៤៩១ម៉ែត្រ និងមានស្ពានដើរឆ្លងពីអគារមួយទៅកាន់អគារមួយទៀតផងដែរ។ អគារភ្លោះនេះបានចំណាយពេលសាងសង់៧ឆ្នាំ និងចាប់ផ្ដើមបើកដំណើរការជាផ្លូវការនៅឆ្នាំ១៩៩៩ ដោយចំណាយទុនវិនិយោគអស់១,៦ពាន់លានដុល្លារ។
គិតចាប់ពីពេលបើកដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៤ អគារភ្លោះនេះ បានជាប់ឈ្មោះជាផ្លូវការថា ជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែ តំណែងនេះបានរបូតទៅវិញ នៅពេលដែលអគារ Taipei 101 នៅកោះតៃវ៉ាន់ បានបើកដាក់ឱ្យដំណើរការនៅដំណាច់ខែធ្នូ ឆ្នាំ២០០៤។
អគារនេះត្រូវបានរចនាឌីហ្សាញឡើងដោយលោក César Pelli ដែលជាស្ថាបត្យករជនជាតិអាហ្សង់ទីនកាត់សាសន៍អាមេរិក។ អគារនេះមានរចនាប័ទ្មក្រោយសម័យទំនើបដ៏ប្លែកអស្ចារ្យមួយបែប ដែលតំណាងឱ្យសតវត្សទី២១ សម្រាប់ទីក្រុងគូឡាឡាំពួរ។
អគារភ្លោះនេះត្រូវបានតភ្ជាប់គ្នាដោយស្ពានអាកាសចំនួន២ជាន់ នៅជាន់ទី៤១ និងជាន់ទី៤២ ដោយបំបែកកំណត់ត្រាជាស្ពានកម្ពស់២ជាន់ខ្ពស់បំផុតនៅលើពិភពលោក។ ស្ពានអាកាសត្រូវបានរចនាឡើងយ៉ាងពិសេស និងមានមុខងារសម្របសម្រួលទប់ចលនាលំនឹងរវាងអគារទាំងពីរក្នុងពេលមានខ្យល់បក់ខ្លាំង។
អគារនេះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងគូទ្បាទ្បាំពួរ ដែលមានអចលនទ្រព្យពហុមុខងារ ដូចជា ហាងទំនិញល្បីៗ ភោជនីយដ្ឋាន ការិយាល័យធ្វើការ សាលប្រជុំ ដែលជាកម្មសិទ្ឋរបស់ក្រុមហ៊ុន KLCC Holdings Sdn Bhd។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ តម្លៃជួលការិយាល័យនៅក្នុងអគារភ្លោះ Petronas Twin Tower មានតម្លៃជាមធ្យមចំនួន១៥រីងហ្គីត ក្នុងមួយហ្វីតការ៉េ(ប្រមាណ៣៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)។
យ៉ាងណាមិញ អគារភ្លោះកប់ពពកនេះមិនមានយូនីតលំនៅដ្ឋាននោះទេ។ប៉ុន្តែ នៅក្បែរនោះ គេសង្កេតឃើញមានអគារលំនៅដ្ឋានជាច្រើន ដូចជា អគារ Star Residences អគារ The Binjai On The Park អគារ The Troika និង អគារ Vortex Tower។
អគារលំនៅដ្ឋានទាំងនេះផ្តល់នូវជម្រើសជាច្រើនសម្រាប់អ្នកដែលមានបំណងរស់នៅក្បែរអគារភ្លោះ Petronas Twin Tower ដែលជានិមិត្តរូបរបស់ទីក្រុងគូឡាឡាំពួរ៕