ដោយ: គង់ លាងហួរ
អន្តរជាតិ: ការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងហុងកុងរបស់ប្រទេសចិនបានធ្វើឱ្យបណ្តាអ្នកវិនិយោគជើងចាស់ជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដោយក្រុមអ្នកជំនាញរំពឹងថា ការលក់អាចនឹងបន្តធ្លាក់ចុះ។
កាលពីខែមេសា ម្ចាស់បំណុលបានរឹបអូសយកវិមានប្រណីតមួយខ្នងនៅតំបន់ Pok Fu Lam របស់លោក David Chan Ping-chi ដែលជាវិនិយោគិនជើងចាស់ដ៏ល្បីឈ្មោះ ដោយដាក់លក់ក្នុងតម្លៃ៤៣០លានដុល្លារហុងកុង (ប្រមាណ៥៤,៨លានដុល្លារអាមេរិក) កាលពីសប្តាហ៍មុន។
ទីភ្នាក់ងារអចលនទ្រព្យនានាបានអះអាងថា កាលពីដើមឆ្នាំនេះ លោក Chan បានខកខានទូទាត់សងប្រាក់កម្ចីប្រហែល៣៥០លានដុល្លារហុងកុងទៅឱ្យធនាគារ Fubon Bank។ លោកបានព្យាយាមប្រកាសដាក់លក់ផ្ទះរបស់លោកក្នុងទំហំទឹកប្រាក់ដូចគ្នានេះកាលពីឆ្នាំមុនដើម្បីទូទាត់សងបំណុល។ ប៉ុន្តែ លោកមិនអាចស្វែងរកអ្នកទិញបានទេ។
-->

វិនិយោគិនជើងចាស់ ដែលបានប្រឡូកនៅក្នុងវិស័យផលិតកម្មរូបនេះ បានប្រែក្លាយជាអ្នកវិនិយោគអចលនទ្រព្យដ៏សកម្មមួយរូប ខណៈលោកគ្រប់គ្រងផលបត្រអចលនទ្រព្យជាច្រើន រាប់ចាប់តាំងពីការិយាល័យ អគារលំនៅដ្ឋានប្រណីត ហាងលក់រាយ និងចំណតរថយន្ត។
លោក Chan ជាសមាជិកមួយរូបនៃសម្ព័ន្ធអ្នកវិនិយោគចំនួន១០រូប ដែលបានទិញអគារ The Center កម្ពស់៤៨ជាន់ពីក្រុមហ៊ុន CK Asset Holdings ក្នុងតម្លៃ៤០,២ពាន់លានដុល្លារហុងកុងក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យអគារខ្ពស់កប់ពពកមួយនេះក្លាយជាអគារមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក។
លោក Chan ដែលជាម្ចាស់អគារការិយាល័យចំនួន៧ជាន់នៅអគារ The Center បានលក់ការិយាល័យ២ជាន់ចុងក្រោយទៅឱ្យធនាគារ DBS Group របស់ប្រទេសសិង្ហបុរីក្នុងខែកញ្ញា និងខែវិច្ឆិកា ឆ្នាំមុន ក្នុងតម្លៃជាមធ្យម២៦.៥០០ដុល្លារហុងកុងក្នុងមួយហ្វីតការ៉េ។ នេះជាការបញ្ចុះតម្លៃជាង២០ភាគរយបើធៀបនឹងតម្លៃដែលលោកបានទិញ។
លោក Chan បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា ការវិនិយោគលើអចលនទ្រព្យលក់រាយ និងឧស្សាហកម្មកំពុងជួបប្រទះការខាតបង់ដ៏ធំបំផុត ដោយតម្លៃបានដាំក្បាលចុះធ្លាក់ចុះប្រហែល៦០ភាគរយ។ កាលណាហាងកាន់តែធំ ការខាតបង់កាន់តែច្រើន៕
