ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងតូក្យូជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំមួយក្នុងតំបន់អាសុី និងក្នុងពិភពលោក។រាជធានីរបស់ប្រទេសជប៉ុនមួយនេះប្រមូលផ្តុំដោយអគារខ្ពស់ៗកប់ពពកជាច្រើន ដោយមិនសូវមានដីទំនេរច្រើននោះទេ។ ហេតុនេះ ដីនៅទីក្រុងតូក្យូមានតម្លៃខ្ពស់កប់ពពក។
ខាងក្រោមនេះជាតំបន់ ដែលមានតម្លៃដីថ្លៃជាងគេបំផុតទាំង៥ ក្នុងទីក្រុងតូក្យូគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥៖
ទី១: តំបន់ផ្សារទំនើប Ginza
-->
តំបន់ផ្សារទំនើប Ginza ដ៏ល្បីល្បាញមួយនេះមានទីតាំងស្ថិតក្នុងសង្កាត់ Chou។តំបន់ Ginza នៅតែជាតំបន់ដែលមានតម្លៃដីពាណិជ្ជកម្មថ្លៃជាងគេបំផុតនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន។
ដីនៅក្បែរទីតាំងសំខាន់ៗដូចជា ហាងលក់ឧបករណ៍តន្ត្រី Yamano Music Ginza Main Store ក្នុងតំបន់ពាណិជ្ជកម្ម Ginza មានតម្លៃជាមធ្យមចំនួន៥៥លានយ៉េន(ប្រហែល៣៨១.៣៧៧ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
ទី២: សង្កាត់ Chiyoda
ដីនៅសង្កាត់នេះមានតម្លៃជាមធ្យមចំនួន៨,៣៨លានយ៉េន(ប្រហែល៥៨.១០៨ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ Chiyoda ជាតំបន់ពាណិជ្ជកម្មកណ្តាលមួយរបស់ទីក្រុងតូក្យូ ដែលប្រមូលផ្តុំដោយអគាររដ្ឋាភិបាល និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននានា។

ទី៣: សង្កាត់ Shibuya
ដីនៅសង្កាត់នេះមានតម្លៃជាមធ្យមចំនួន៧លានយ៉េន(ប្រហែល៤៨.៥៤១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។សង្កាត់ Shibuya ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងធុរកិច្ចដ៏សំខាន់របស់ទីក្រុងតូក្យូ ដែលទទួលបានការពេញនិយមក្នុងចំណោមប្រជាជនជប៉ុនវ័យក្មេង។
ទី៤: សង្កាត់ Shinjuku
ដីនៅសង្កាត់ Shinjuku មានតម្លៃជាមធ្យមចំនួន៦,៥លានយ៉េន(ប្រហែល៤៥.០៧៨ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ Shinjuku ត្រូវបានគេស្គាល់ថា ជាតំបន់សម្បូរទៅដោយសារអគារខ្ពស់ៗកប់ពពក មជ្ឈមណ្ឌលផ្សារទំនើប និងជីវិតពេលរាត្រីដ៏រស់រវើក។
ទី៥: តំបន់ Akasaka
តំបន់ Akasaka មានទីតាំងក្នុងសង្កាត់ Minato។ តំបន់ Akasaka ជាតំបន់ដែលមានតម្លៃដីលំនៅដ្ឋានខ្ពស់ជាងគេបំផុតក្នុងប្រទេសជប៉ុន។ តំបន់នេះសម្បូរទៅដោយស្ថានទូត អគារលំនៅដ្ឋានប្រណីត និងស្ថិតនៅជិតអគារ Azabudai Hills។ ដីនៅតំបន់ Azabudai Hills មានតម្លៃប្រហែល៥,៥៦លានយ៉េនក្នុងមួយម៉ែត្រការ៉េ(ប្រហែល៣៨.៥៥៤ដុល្លារអាមេរិក)៕
