លំនៅដ្ឋានឯកជនជិត៨.០០០យូនីតនឹងចាក់បញ្ចូលទៅក្នុងទីផ្សារសិង្ហបុរីនៅឆមាសទី២ រួមជាមួយផែនការមេរបស់រដ្ឋាភិបាល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លំនៅដ្ឋានឯកជនថ្មីចំនួនជិត៨.០០០យូនីត គ្រោងនឹងចាក់បញ្ចូលទៅកាន់ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនៅឆមាសទី២ ឆ្នាំ២០២៥នេះ ដែលនឹងដើរទន្ទឹមគ្នាជាមួយការស្ទុះងើបឡើងវិញនៃទំនុកចិត្តរបស់អ្នកទិញនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។

យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងថា ចំនួនលំនៅដ្ឋានឯកជន ដែលលក់មិនដាច់នៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះក្នុងអត្រា១១,៩ភាគរយពីចំនួន២០.៥៦៦យូនីតក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មកនៅត្រឹមចំនួន១៨.១២៥យូនីតក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

លោក Mohan Sandrasegeran ប្រធានផ្នែកស្រាវជ្រាវ និងវិភាគទិន្នន័យនៅក្រុមហ៊ុន Singapore Realtors Inc (SRI) អះអាងថា “ការធ្លាក់ចុះនៃចំនួនលំនៅដ្ឋានលក់មិនដាច់បានឆ្លុះបញ្ចាំងឱ្យឃើញថា តម្រូវការលំនៅដ្ឋានមានសុខភាពល្អ និងតុល្យភាពល្អប្រសើរជាងមុនរវាងការផ្គត់ផ្គង់ និងតម្រូវការ”។

-->

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីចំនួន៩ នៅតំបន់កណ្តាលក្រុងសិង្ហបុរី (CCR) ត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យដំណើរការក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ដោយឡែក លោក Chee Hong Tat រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) គ្រោងនឹងបង្ហាញសេចក្តីព្រាងស្តីពីផែនការមេ សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែមិថុនា។

ផែនការមេនឹងរៀបរាប់លម្អិតអំពីការប្រើប្រាស់ដីរបស់ប្រទេសសិង្ហបុរីក្នុងរយៈពេលពី១០ឆ្នាំទៅ១៥ឆ្នាំខាងមុខ។ លំនៅដ្ឋានថ្មីជាច្រើននឹងត្រូវបានសាងសង់នៅលើទីតាំងដីផ្សេងៗគ្នាក្នុងតំបន់កណ្តាលក្រុងដូចជា តំបន់ Bukit Timah Turf Cit តំបន់ Mount Pleasant អតីតទីលានវាយកូនហ្គោល Keppel និងតំបន់ Marina South ។

ផែនការមេនេះក៏នឹងផ្តោតលើការបង្កើនសួនឧទ្យាន ទីធ្លាសាធារណៈ ក៏ដូចជាគម្រោងសាងសង់កោះសិប្បនិម្មិត “Long Island” ដែលនឹងលាតសន្ធឹងលើផ្ទៃដីចាក់បំពេញទៅក្នុងសមុទ្រទំហំ៨០០ហិកតាស្ថិតនៅតាមឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសសិង្ហបុរី៕