ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលបច្ចេកវិទ្យា និងនវានុវត្តន៍បន្តបោះជំហានឆ្ពោះទៅមុខ បណ្តាប្រទេសនានាលើពិភពលោកបានសាងសង់អគារខ្ពស់ៗកប់ពពកជាច្រើន ដែលមានរចនាបថ និងការកែច្នៃខុសៗប្លែកពីគេ។ការណ៍នេះជាការបង្ហាញពីសក្តានុពលទៅកាន់ពិភពលោក។
ខាងក្រោមនេះជាអគារខ្ពស់ៗចំនួន៥មកពីជុំវិញពិភពលោក ដែលមានភាពលេចធ្លោលើការរចនាឌីហ្សាញដ៏ប្លែក។ អគារកប់ពពកទាំងនេះមិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពច្នៃប្រឌិត និងគោលគំនិតផងដែរ៖
ទី១: អគារ CCTV Headquarters
-->

អគារ CCTV Headquarters ជាទីស្នាក់ការកណ្តាលរបស់ទូរទស្សន៍រដ្ឋចិន CCTV ដែលមានទីតាំងនៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។អគារនេះមានកម្ពស់២៣៤ម៉ែត្រ ដែលរចនាឡើងដោយស្ថាបត្យករហូឡង់លោក Rem Koolhaas។
ទី២: អគារ The Big Bend

គម្រោងអគារ The Big Bend ត្រូវបានស្នើសាងសង់ឡើងក្នុងកម្ពស់ជាង១.២០០ម៉ែត្រនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio។គម្រោងអគារនេះមានរាងជាអក្សរ“U”ស្ថិតលើផ្លូវ 57th Street។
ប្រសិនបើត្រូវបានសាងសង់ឡើងមែន នោះអគារ The Big Bend នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតមិនធ្លាប់មាននៅលើពិភពលោក។
ទី៣: អគារ Absolute World Towers

អគារ Absolute World Towers នៅទីក្រុង Mississauga ក្នុងប្រទេសកាណាដាមានប៉មចំនួន២។ ប៉មទី១មានកម្ពស់១៧៩ម៉ែត្រ ខណៈប៉មទី២មានកម្ពស់១៥៨ម៉ែត្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម MAD Architects។ ប៉មទាំង២នេះមានរាងរមួល និងរាងកោងដូចទៅនឹងដងខ្លួនរបស់មនុស្ស។
ទី៤: អគារ Capital Gate

អគារ Capital Gate មានទីតាំងស្ថិតនៅទីក្រុងអាប៊ុយដាប៊ីរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។អគារនេះមានកម្ពស់១៦៥ម៉ែត្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម RMJM។
លក្ខណៈពិសេសប្លែកស្ថិតនៅត្រង់ថា អគារ Capital Gate មានទំនោរផ្អៀង១៨ដឺក្រេទៅទិសខាងលិច ខ្លាំងជាងអគារ Tower of Pisa ដ៏ល្បីល្បាញនៅប្រទេសអុីតាលីទៅទៀត។
ទី៥: អគារ MahaNakhon Tower

អគារខ្ពស់កប់ពពក MahaNakhon Tower ជាអគារដ៏ល្បីល្បាញនៅទីក្រុងបាងកកនៃប្រទេសថៃ។អគារនេះមានកម្ពស់៣១៤ម៉ែត្រ ដែលរចនាឡើងដោយស្ថាបត្យករអាល្លឺម៉ង់លោក Ole Scheeren។អគារនេះជានិមត្តិរូបក្នុងយុគសម័យសម័យឌីជីថលទំនើប៕