ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីត្រូវបានគេទទួលស្គាល់ថា ជាអ្នកទទួលផលយ៉ាងធំមួយពីការផ្លាស់ប្តូរទិដ្ឋភាពទីផ្សារអចលនទ្រព្យសកល ខណៈក្រុមហ៊ុនធំៗព្យាយាមសម្របផលបត្រអចលនទ្រព្យជាមួយនឹងភាពធន់ និរន្តរភាព និងការត្រៀមរួចជាស្រេចសម្រាប់អនាគត។
យោងតាមរបាយការណ៍ថ្មី“YOUR SPACE”ឆ្នាំ២០២៥ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ប្រឈមមុខនឹងបញ្ហានៃការប្រែប្រួលសេដ្ឋកិច្ច ហានិភ័យភូមិសាស្ត្រនយោបាយ និងឌីជីថល បណ្តាក្រុមហ៊ុនសាជីវកម្មចំនួន៥០ភាគរយទូទាំងពិភពលោកគ្រោងពង្រីកការិយាល័យរបស់ពួកគេក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខ ឬស្មើនឹង១០៤លានហ្វីតការ៉េ។
ការណ៍នេះធ្វើឱ្យប្រទេសម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពយ៉ាងរឹងមាំមួយ ដែលអាចទាក់ទាញបណ្តាវិនិយោគិន និងអ្នកជួលមកពីជុំវិញពិភពលោក។តម្រូវការមានការកើនឡើងខ្លាំងជាពិសេសក្នុងចំណោមបណ្តាក្រុមហ៊ុន ដែលផ្តោតលើការផលិតកម្រិតខ្ពស់ បច្ចេកវិទ្យា និងការចែកចាយក្នុងតំបន់។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Malaysia បានកត់សម្គាល់ឃើញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ ដែលមានបំណងបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់ មជ្ឈមណ្ឌលឧស្សាហកម្មដែលមានលក្ខណៈពិសេសខ្ពស់ និងដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅរាជធានីគូឡាឡាំពួរ។
លោក Keith Ooi នាយកគ្រប់គ្រងក្រុមការងាររបស់ក្រុមហ៊ុន Knight Frank Malaysia បានមានប្រសាសន៍ឱ្យដឹងថា ម៉ាឡេស៊ីផ្តល់នូវប្រសិទ្ធភាពនៃការចំណាយ ស្ថិរភាពនយោបាយ និងលទ្ធភាពចូលទៅកាន់ទីផ្សារ ដែលបណ្តាក្រុមហ៊ុននានាជុំវិញពិភពលោកចង់បាន។
លោក Keith Ooi បានបន្ថែមថា ប្រទេសម៉ាឡេស៊ីមានភាពលេចធ្លោសម្រាប់ការកែលម្អផ្នែកឧស្សាហកម្ម និងការិយាល័យ ដែលត្រូវបានសាងសង់ឡើងដើម្បីឱ្យមានភាពធន់ និងស្របតាមស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)៕