ដោយ: គង់ លាងហួរ
អន្តរជាតិ: លំហូរនិស្សិតអន្តរជាតិបានចាក់បញ្ចូលទឹកប្រាក់បន្ថែមចំនួន៤៤ពាន់លានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងឆ្នាំសិក្សា២០២៣-២០២៤ ហើយអវត្តមានរបស់ពួកគេអាចជះផលប៉ះពាល់មិនត្រឹមតែស្ថានភាពហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យនានានៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ទីផ្សារអចលនទ្រព្យ និងអ្នកប្រើប្រាស់ផងដែរ។
ការចូលរួមចំណែករបស់និស្សិតអន្តរជាតិប្រមាណ១,១លាននាក់កាលពីឆ្នាំមុនបានគាំទ្រការងារជាង៣៧៨.០០០កន្លែង។នេះបើយោងតាមសមាគមអ្នកអប់រំអន្តរជាតិ (NAFSA) ដែលជាអង្គការមិនរកប្រាក់ចំណេញ។
លោក Nicholas Barr សាស្ត្រាចារ្យនៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍(London School of Economics)បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ថា សិស្ស-និស្សិតបរទេសមិនគ្រាន់តែចំណាយប្រាក់បង់ថ្លៃសិក្សាទេ។ ពួកគេក៏បង់ថ្លៃជួលផ្ទះ ហើយពួកគេទៅភោជនីយដ្ឋាន និងធ្វើដំណើរ។
ជាក់ស្តែង បណ្តារដ្ឋ ដែលមានសាកលវិទ្យាល័យច្រើនបានទទួលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ពីលំហូរនិស្សិតអន្តរជាតិ។
លោកបានកត់សម្គាល់ថា សកម្មភាពសេដ្ឋកិច្ចរបស់និស្សិតអន្តរជាតិបានជួយបង្កើតការងារជាច្រើនរាប់ចាប់ពីបុគ្គលិកនៅតាមអាជីវកម្មក្នុងស្រុកដូចជាបារ និងហាងនានា រហូតដល់បុគ្គលិកនៅតាមសាកលវិទ្យាល័យនានា ដែលត្រូវបង្កើនដើម្បីគ្រប់គ្រងកំណើននៃចំនួននិស្សិត។
យ៉ាងណាមិញ ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឈប់ផ្តល់ទិដ្ឋាការថ្មីដល់និស្សិតបរទេស ក្រុមសេដ្ឋវិទូបានព្រមានថា ការបាត់បង់និស្សិតអន្តរជាតិនឹងប៉ះពាល់ដល់មិនត្រឹមតែស្ថាប័នដែលពឹងផ្អែកលើថ្លៃសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក និងរដ្ឋផងដែរ។
លោក Constantine Yannelis សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Cambridge ក្នុងប្រទេសអង់គ្លេសបានអះអាងថា ការផ្អាកទិដ្ឋាការអាចជះផលប៉ះពាល់យ៉ាងខ្លាំងដល់អ្វីគ្រប់យ៉ាងរាប់ចាប់ពីទីផ្សារអចលនទ្រព្យរហូតដល់ភោជនីយដ្ឋាន និងអាជីវកម្មពឹងផ្អែកលើអ្នកប្រើប្រាស់។
លោក Yannelis បានបន្ថែមថា ទីផ្សារអចលនទ្រព្យក្នុងស្រុកពឹងផ្អែកលើការជួលផ្ទះដល់សិស្សបរទេស។ ប្រសិនបើមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនសិស្ស នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យ ហើយអាជីវកម្មក្នុងស្រុកជាច្រើន ដូចជារោងកុន បារ នឹងជួបប្រទះការធ្លាក់ចុះនៃតម្រូវការ៕