ដោយ គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ទីផ្សារខុនដូប្រណីតរបស់ទីក្រុងហ្សាការតាក្នុងប្រទេសឥណ្ឌូនេសុីបានទាក់ទាញការអភិវឌ្ឍន៍គម្រោងលំដាប់ខ្ពស់ជាច្រើន។ ខាងក្រោមនេះជាអគារខុនដូថ្លៃបំផុតចំនួន៥ នៅទីក្រុងហ្សាកាតា បើគិតពីតម្លៃក្នុងមួយម៉ែត្រការ៉េ៖
ទី១: អគារ Raffles Residences
អគារនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងហ្សាការតា ដែលមានតម្លៃខុនដូក្នុងមួយម៉ែតការ៉េចន្លោះពី៩៨លានរូពៀទៅ១២៦លានរូពៀ(ប្រហែល៦.០២៨ដុល្លារទៅ៧.៧៥០ដុល្លារ)។អគារ Raffles Residences ផ្តល់ជូននូវខុនដូធំទូលាយ ដែលសម្បូរដោយបុគ្គលមានទ្រព្យសម្បត្តិខ្ពស់ រួមទាំងអ្នកការទូត និងថ្នាក់ដឹកនាំអាជីវកម្ម។
ទី២: អគារ Anandamaya Residences
អគារខុនដូប្រណីតនេះត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន Astra Property និងក្រុមហ៊ុន Hongkong Land ដែលមានទីតាំងនៅតំបន់ Sudirman ក្នុងទីក្រុងហ្សាការតា។ តម្លៃខុនដូនៅអគារនេះមានទំហំទឹកប្រាក់ចាប់ពី៧០លានរូពៀទៅ៩០លានរូពៀ(ប្រហែល៤.៣០៥ដុល្លារទៅ៥.៥៣៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
ទី៣: អគារ Rajawali Place
អគារនេះមានទីតាំងនៅភាគខាងត្បូងរដ្ឋធានីហ្សាការតា។ អគារខុនដូប្រណីតនេះមានតម្លៃចំនួន៧២,៨លានរូពៀក្នុងមួយម៉ែត្រការ៉េ (ប្រមាណ៤.៤៧៧ដុល្លារ)ដែលផ្តល់ជូននូវសេវាកម្ម និងគ្រឿងបរិក្ខារផ្តាច់មុខ។
ទី៤: អគារ Le Parc at Thamrin Nine
អគារខុនដូនេះមានទីតាំងនៅចំកណ្តាលរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុី។អគារនេះផ្តល់ជូនយូនីតខុនដូធំទូលាយ ដែលមានអាងហែលទឹក និងយានដ្ឋានឯកជន។ តម្លៃខុនដូមានទំហំទឹកប្រាក់ចាប់ពី៦៥លានរូពៀទៅ៧០លានរូពៀ(ប្រហែល៣.៩៩៨ដុល្លារទៅ៤.៣០៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
ទី៥: អគារ Verde Two
អគារនេះមានទីតាំងនៅភាគខាងត្បូងរដ្ឋធានីហ្សាការតា។អគារលំនៅដ្ឋានលំដាប់ខ្ពស់នេះមានយូនីតខុនដូធំទូលាយ ជាមួយនឹងតម្លៃប្រហែល៦៧,៤លានរូពៀ(ប្រហែល៤.១៤៥ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ៕