ការស្នាក់នៅផ្ទះ Penthouse ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២នៅទីក្រុងឡុងដិ៍មានតម្លៃខ្ពស់កប់ពពកសឹងមិនគួរឱ្យជឿ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែតអាមេរិក CNN បានចុះផ្សាយថា អគារសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Mandarin Oriental Mayfair ដែលបានបើកដំណើរការកាលពីមួយឆ្នាំមុននៅតំបន់ Hanover Square ក្នុងរាជធានីឡុងដិ៍របស់អង់គ្លេសមានតម្លៃស្នាក់នៅខ្ពស់កប់ពពកស្ទើរមិនគួរឱ្យជឿ។

អគារ Mandarin Oriental Mayfair ទើបតែបានបើកដំណើរការផ្ទះប្រភេទ Penthouse ថ្មីនៅជាន់ទី១១នៃអគាររបស់ខ្លួន ដោយមានទំហំជាង៥.០០០ហ្វីតការ៉េ។ផ្ទះ Penthouse ជាអចលនទ្រព្យប្រណីតលំដាប់កំពូល។

ការស្នាក់នៅផ្ទះដ៏ប្រណីតនេះមានតម្លៃចាប់ពី៤០.០០០ផោនក្នុងមួយយប់ ឬស្មើនឹង៥៤.២១០ដុល្លារអាមេរិក។ យោងតាមការប្រៀបធៀបបង្ហាញថា គ្រាន់តែការស្នាក់នៅចំនួនមួយយប់នៅសណ្ឋាគារ Mandarin Oriental Mayfair មានតម្លៃស្មើនឹងការស្នាក់នៅរយៈពេលជិត១៥ខែនៅសណ្ឋាគារ Travelodge នៅតំបន់ Marylebone។

ផ្ទះ Penthouse ថ្មីនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីតាំងស្នាក់នៅដ៏ប្រណីតបំផុតក្នុងទីក្រុងឡុងដ៍សម្រាប់ភាពសំបូរបែប រួមជាមួយឈុតលំដាប់កំពូលដូចជាឈុត Royal Suite មានបន្ទប់គេងចំនួន៧ និងឈុត Manor House Wing មានបន្ទប់គេងចំនួន៦។

ទោះជាយ៉ាងណាក្តី តំណែងលេខ១ បានទៅលើសណ្ឋាគារ Claridge’s ដែលមានតម្លៃស្នាក់នៅផ្ទះ Penthouse ចំនួន៦០.០០០ផោនក្នុងមួយយប់(ប្រហែល៨១.៤៩០ដុល្លារអាមេរិក) ដែលបានបើកដំណើរការនៅលើដំបូលនៃសណ្ឋាគារមានអាយុកាល១៦៩ឆ្នាំមួយនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

ផ្ទះ Penthouse នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ចំណាស់មួយនេះមានទំហំ១១.៨៤០ហ្វីតការ៉េ និងមានបន្ទប់គេងចំនួន៤ សួនច្បារឯកជន និងអាងហែលទឹក ទិដ្ឋភាព៣៦០ដឺក្រេនៃទីក្រុងឡុងដ៍ ព្យាណូ Steinway និងការដាក់តាំងបង្ហាញស្នាដៃផ្នែកសិល្បៈឯកជនរបស់វិចិត្រករជនជាតិអង់គ្លេសដ៏ល្បីល្បាញលោក Damien Hirst៕

LEAVE A REPLY

Please enter your comment!
Please enter your name here