ដោយ: គង់ លាងហួរ
សេអ៊ូល: ស្របពេលប្រទេសកូរ៉េខាងត្បូងទទួលបានប្រធានាធិបតីថ្មីមកពីគណបក្សប្រជាធិបតេយ្យលោក Lee Jae Myung គោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាលមុន អាចនឹងត្រូវបានកែប្រែ ក្នុងនោះរួមទាំងគោលនយោបាយទាក់ទងនឹងអចលនទ្រព្យផងដែរ។
ជាក់ស្តែង តំបន់ ដែលសម្បូរក្រុមអ្នកមាននៅក្នុងរដ្ឋធានីសេអ៊ូល ដូចជាសង្កាត់ Gangnam សង្កាត់ Seocho សង្កាត់ Songpa និងសង្កាត់ Yongsan អាចប្រឈមមុខនឹងច្បាប់ប្រតិបត្តិការតឹងរ៉ឹងជាងមុន ដោយតម្រូវឱ្យមានការស្នើសុំការអនុញ្ញាតពីក្រុមប្រឹក្សាមូលដ្ឋានសម្រាប់ការទិញអាផាតមុិនរហូតដល់ខែកញ្ញា ឆ្នាំ២០២៥។
អ្នកដែលអាចទទួលបានការអនុញ្ញាត ត្រូវតែជាអ្នកទិញក្នុងគោលបំណងរស់នៅជាចម្បង។ ការផ្តល់ប្រាក់កម្ចីទិញផ្ទះក៏នឹងត្រូវបានរឹតបន្តឹងផងដែរ ជាពិសេសចំពោះអ្នកដែលមានអចលនទ្រព្យច្រើនកន្លែង ឬយូនីត។
វិធានការទាំងនេះមានគោលបំណងទប់ស្កាត់មិនឱ្យតម្លៃលំនៅដ្ឋាននៅទីក្រុងសេអ៊ូលហក់ឡើងកប់ពពក និងកាត់បន្ថយសកម្មភាពទិញអចលនទ្រព្យស្តុកទុកដើម្បីលក់យកផលចំណេញ។
លោក Lee បានប្តេជ្ញាថា នឹងសាងសង់ផ្ទះចំនួន៣,១លានយូនីត ក្នុងនោះរួមមានការសាងសង់ផ្ទះចំនួន៤៨០.០០០យូនីតនៅទីក្រុងសេអ៊ូល ជាមួយនឹងចំណែក៣០ភាគរយត្រូវបានផ្តល់អាទិភាពទៅឱ្យអ្នកទិញវ័យក្មេង និងអ្នកទិញផ្ទះលើកដំបូង។
ក្នុងចំណោមនោះ ផ្ទះចំនួន១លានយូនីតនឹងក្លាយជាផ្ទះជួលសាធារណៈរយៈពេលវែង ដែលមានតម្លៃជួលក្រោមទីផ្សារសម្រាប់រយៈពេល៣០ឆ្នាំ ដែលនឹងកើនឡើងយ៉ាងគំហុកបើធៀបនឹងគោលដៅបច្ចុប្បន្ន។ ការជំរុញការផ្គត់ផ្គង់នេះនឹងរក្សាស្ថិរភាពតម្លៃ និងបង្កើនលទ្ធភាពទទួលបានផ្ទះស្នាក់នៅ។
លោក Lee ក៏បានស្នើដាក់ពន្ធថ្មីមួយលើកម្មសិទ្ធិដីធ្លីសាធារណៈ ដែលស្រដៀងនឹងពន្ធលើតម្លៃដី។ លោកក៏បានតស៊ូមតិលើការបន្ធូរបន្ថយពន្ធលើអចលនទ្រព្យសម្រាប់ពលរដ្ឋដែលមានផ្ទះតែមួយកន្លែង និងការបញ្ចុះពន្ធលើការផ្ទេរជាបណ្ដោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យមានការដាក់លក់ផ្ទះបន្ថែមទៀត។
កំណែទម្រង់ទាំងអស់នេះមានគោលបំណងរារាំងការទិញទុកលក់ចំណេញ និងបន្ធូរបន្ថយបន្ទុកលើអ្នកទិញផ្ទះក្នុងគោលបំណងរស់នៅពិតប្រាកដ៕