គំរោងវិនិយោគតម្លៃប្រមាណ៧០០០លានដុល្លារត្រូវបានអមុម័តនៅខេត្តព្រះសីហនុចាប់តាំងពីដើមឆ្នាំ២០២៤ដល់បច្ចុប្បន្ន

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអនុម័តគម្រោងចំនួន២៩៦ ​ដែលមានទុនវិនិយោគ ប្រមាណ៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីចំនួន៥៣,២០៥កន្លែង។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងអង្គសិក្ខាសាលាមួយ ដែលមានការចូលរួមពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត និងមន្រ្តីពាក់ព័ន្ឋរួមទាំងអ្នកវិនិយោគផងដែរ។

ក្នុងចំណោមគំរោងទាំងនោះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេ គឺគម្រោងអគារជាប់គាំងចំនួន១៣១ ស្មើនឹង៤៤ភាគរយ។ គម្រោងវិនិយោគថ្មីចំនួន១៣០ ស្មើនឹង៤៤ភាគ រយ គម្រោងពង្រីកចំនួន២៤ ស្មើនឹង៨ភាគរយ និងគម្រោងមានស្រាប់ចំនួន១១ ស្មើនឹង៤ភាគរយ។ លើទិដ្ឋភាពវិស័យគម្រោងប្រមា​ណ៩៤ភាគរយ ប្រមូលផ្តុំក្នុងវិស័យចំនួន៣ គឺវិស័យអចនទ្រព្យចំនួន ១១៨គម្រោង វិស័យទេសចរណ៍មចំនួន៩៨គម្រោង និងវិស័យឧស្សា​ហកម្មចំនួន៦១គម្រោង។ គម្រោងប្រមាណ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង មាននៅក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។

លោកបន្តថា ទន្ទឹមនេះក្នុងវិស័យឧស្សាហកម្ម ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្ត ដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មានទុនវិនិយោគសរុបចំនួនប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥,២២០កន្លែង។

លោកហ៊ាន សាហ៊ីបបានបន្តថា កន្លងមកលេខាធិការនៃក្រុមការងារ បានធ្វើការសិក្សាលើទិដ្ឋភាព នៃការអនុវត្តគម្រោងបានរកឃើញថា រហូតមកដល់បច្ចុប្បន្នទុនវិនិយោ​គជាក់ស្តែង ដែលបានអនុវត្តរួចមានប្រមាណ២,៤៤ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៥ភាគរយ នៃទុនវិនិយោគសរុបដែលទទួលបានការអនុម័ត។

លោកបន្តថា “ខ្ញុំសូមលើកទឹកចិត្តលោក លោកស្រីលើកឡើងនូវបញ្ហាប្រឈម ក្នុងការអនុវត្តគោលការណ៍លើកទឹកចិត្ត ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងស្វែងយល់ឱ្យកាន់តែច្បាស់ នូវគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារ និងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យ ព្រមទាំងចូលរួមផ្សព្វផ្សាយដល់វិនិយោគិនផ្សេងទៀត ដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃ ឬសាកសួរព័ត៌មានបន្ថែមនៅការិយាល័យ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here