ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនបង្ហាញពីការប្រែប្រួល ដោយរួមមានទាំងបញ្ហាប្រឈម និងឱកាសនៅតាមផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ។
ក្នុងនោះ ទីផ្សារលំនៅដ្ឋានហ្វីលីពីនកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំ ជាពិសេសនៅទីក្រុងម៉ានីល (Metro Manila) ដែលមានខុនដូលក់មិនដាច់រាប់មុឺនយូនីត ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។
វិបត្តិទីផ្សារខុនដូ និងការកើនឡើងនៃអត្រាការិយាល័យទំនេរត្រូវបានគេរំពឹងថា នឹងនាំឱ្យតម្លៃដីនៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗ ដូចជា តំបន់ Makati និងតំបន់ BGC ជាដើមធ្លាក់ចុះចន្លោះពី២ភាគរយទៅ៥ភាគរយ។
យ៉ាងណាមិញ តម្រូវការខុនដូប្រណីត និងខុនដូខ្នាតធំបន្តមានស្ថិរភាព ខណៈពេលដែលផ្នែកទីផ្សារកណ្តាល និងតម្លៃសមរម្យកំពុងសង្កេតឃើញការកើនឡើងចំណាប់អារម្មណ៍របស់អ្នកទិញ ដោយសារតម្លៃដ៏គួរឱ្យទាក់ទាញ និងការសម្រួលលក្ខខណ្ឌនៃការទូទាត់។
ទីផ្សារការិយាល័យកំពុងប្រឈមមុខនឹងអត្រាទំនេរខ្ពស់ ដែលត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់អត្រា២២ភាគរយនៅទីក្រុងម៉ានីលនៅចុងឆ្នាំនេះ។កត្តានានាដូចជាការចាកចេញរបស់ក្រុមហ៊ុនហ្គេមអនឡាញបរទេស(POGOs) ការបំពេញការងារពីចម្ងាយ និងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចបានចូលរួមចំណែកដល់និន្នាការនេះ។
ទោះបីជាយ៉ាងណា គេនៅតែសង្កេតឃើញមានឱកាសវិនិយោគ។ តួយ៉ាង តម្រូវការកំពុងផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុងម៉ានីល និងខេត្តនានាដូចជា ខេត្ត Bulacan ខេត្ត Pampanga ខេត្ត Cebu និងខេត្ត Davao ជាដើម ដោយសារតម្លៃសមរម្យ ហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង និងការបំពេញការងារពីចម្ងាយ។
បណ្តាអ្នកអភិវឌ្ឍន៍កំពុងឆ្លើយតប,ដោយចាប់ផ្តើមអភិវឌ្ឍន៍គម្រោងអចលនទ្រព្យក្នុងតំបន់ទាំងនេះដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។
គំនិតផ្តួចផ្តើមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងរបស់រដ្ឋាភិបាលក្រោមកម្មវិធី“Build Better More” កំពុងបង្កើនការតភ្ជាប់ និងភាពងាយស្រួល ដែលបានជំរុញឱ្យមានការចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងតំបន់ជាយរដ្ឋធានី និងខេត្ត។
ជាមួយគ្នានេះ ធនាគារកណ្តាលហ្វីលីពីន បាននិងកំពុងបន្ធូរបន្ថយអត្រាការប្រាក់ជាបណ្តើរៗ ដែលអាចជួយជំរុញទំនុកចិត្តទីផ្សារ និងសកម្មភាពវិនិយោគ។
ម៉្យាងទៀត បណ្តាវិនិយោគិនក៏អាចពិចារណាលើការធ្វើពិពិធកម្មផលបត្រដោយស្វែងរកឱកាសវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យឧស្សាហកម្ម ដូចជាឃ្លាំងឬរោងចក្រ និងអចលនទ្រព្យបដិសណ្ឋារកិច្ច ដូចជាសណ្ឋាគារ ដែលកំពុងបង្ហាញសញ្ញាងើបឡើងវិញ៕