ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនការទិញដីធ្លី និងលំនៅដ្ឋានដោយជនបរទេសនៅប្រទេសកូរ៉េខាងត្បូងបានជំរុញឱ្យមានការជជែកដេញដោល និងការអំពាវនាវឱ្យមានការរឹតបន្តឹងបទប្បញ្ញត្តិ។នេះបើយោងតាមការចុះផ្សាយដោយកាសែតកូរ៉េខាងត្បូង Korea Times។
រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីលោក Lee jae-myung បានដាក់សំណើផ្លូវការមួយទៅកាន់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ដោយជំរុញឱ្យក្រសួងដាក់ចេញជាផ្លូវការនូវបទប្បញ្ញត្តិទៅវិញទៅមក(Reciprocity)ក្នុងច្បាប់អចលនទ្រព្យ។
នៅក្នុងបរិបទនេះ ពាក្យ “Reciprocity”មានន័យសំដៅទៅលើបទប្បញ្ញត្តិទៅវិញទៅមក ដែលថា ប្រសិនបើប្រទេសណាមួយដាក់កម្រិត ឬហាមឃាត់មិនឱ្យពលរដ្ឋកូរ៉េទិញអចលនទ្រព្យ នោះកូរ៉េខាងត្បូងគួរតែដាក់កម្រិតដូចគ្នាលើពលរដ្ឋមកពីប្រទេសនោះ។
កម្មសិទ្ធិរបស់ជនបរទេសលើអចលនទ្រព្យនៅកូរ៉េខាងត្បូងមានការកើនឡើងជាលំដាប់។គិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅ ជនបរទេសកាន់កាប់ដីប្រមាណ២៦៨លានម៉ែត្រការ៉េ នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើង១,២ភាគរយធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះ ចំនួនលំនៅដ្ឋានជាកម្មសិទ្ធិរបស់ជនបរទេសក៏បានកើនឡើង៥,៤ភាគរយដល់ចំនួន១០០.២១៦យូនីតគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣។
យោងតាមទិន្នន័យចុះបញ្ជីអចលនទ្រព្យរបស់តុលាការកំពូលកូរ៉េខាងត្បូងបានឱ្យដឹងថា ម្ចាស់ផ្ទះជាជនបរទេសចំនួន៨.៦៥៥នាក់បានជួលផ្ទះដែលពួកគេបានទិញ ទៅឱ្យអតិថិជនដទៃនៅចន្លោះខែមករារហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ ដែលបង្ហាញពីការវិនិយោគយ៉ាងសកម្ម។
ការអំពាវនាវឱ្យមានច្បាប់កាន់តែតឹងរ៉ឹង ដោយសារការត្រួតពិនិត្យលើប្រតិបត្តិការទិញ-លក់-ជួលដោយជនបរទេសនៅមានកម្រិតនៅឡើយ។ ជាពិសេស ប្រទេសចិនបានហាមឃាត់ ឬដាក់កម្រិតយ៉ាងខ្លាំងមិនឱ្យពលរដ្ឋកូរ៉េខាងត្បូងទិញអចលនទ្រព្យនៅចិន។
ការណ៍នេះបានជំរុញឱ្យមានការស្នើចាត់វិធានការរឹតបន្តឹងដូចគ្នាទៅលើជនជាតិចិន ដែលចូលមកទិញអចលនទ្រព្យនៅកូរ៉េខាងត្បូង៕