តំបន់លំនៅដ្ឋាននៅជាយក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីប្រែក្លាយជាតំបន់ពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅតំបន់ជាយក្រុង Bangsar និងទីក្រុងរណប Petaling Jaya របស់រាជធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេសុី គេបានសង្កេតឃើញថា អគារលំនៅដ្ឋានជាច្រើនត្រូវបានប្រែក្លាយទៅជាអចលនទ្រព្យពាណិជ្ជកម្មដូចជា ការិយាល័យ។

និន្នាការនេះបានកើតមានឡើង ដោយសារការពង្រីកទីក្រុង និងចរាចរណ៍បានធ្វើឱ្យផ្ទះទាំងនោះមិនសូវមានភាពអំណោយផលល្អសម្រាប់ការរស់នៅ ជាពិសេសផ្ទះស្ថិតនៅជាប់ផ្លូវមមាញឹក។

ផ្ទះនៅតាមដងផ្លូវសំខាន់ៗនៅតំបន់ជាយក្រុង Bangsar និងទីក្រុងរណប Petaling Jaya បានបង្កជាភាពទាក់ទាញសម្រាប់ការបង្កើតអាជីវកម្មនានាដូចជា បន្ទប់តាំងបង្ហាញ និងភោជនីយដ្ឋានជាដើម ដោយសារអ្នកបើកបរអាចក្រឡេកឃើញយ៉ាងងាយស្រួល នៅពេលធ្វើដំណើរ។

លោក Prem Kumar នាយកគ្រប់គ្រងក្រុមហ៊ុន Firdaus & Associates Group of Companies បានលើកឡើងថា តម្រូវការបង្កើតអាជីវកម្មនៅតំបន់លំនៅដ្ឋានទាំងនេះបានជំរុញឱ្យមានការប្រែក្លាយលំនៅដ្ឋានទៅជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។

លោក Stanley Toh នាយកប្រតិបត្តិក្រុមហ៊ុន Laurelcap Sdn Bhd បានលើកឡើងថា នេះជាអត្ថប្រយោជន៍ពិសេសសម្រាប់អាជីវកម្ម និងសហគ្រិនលក្ខណៈគ្រួសារ ដែលពួកគេភាគច្រើនពឹងផ្អែកលើឱកាសបែបនេះដើម្បីបង្កើតប្រាក់ចំណូល និងកសាងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។

លោក Stanley Toh បានបន្ថែមថា ការប្រែក្លាយលំនៅដ្ឋានទៅជាតំបន់ពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពជាសហគ្រិនក្នុងស្រុក និងគាំទ្រដល់ប្រជាជនម៉ាឡេសុីវណ្ណៈកណ្តាលដែលកំពុងកើនឡើង។

លោក Toh បានបញ្ជាក់បន្ថែមថា នៅក្នុងទីក្រុងរណប Petaling Jaya អចលនទ្រព្យទាំងនេះត្រូវបានលក់ក្នុងតម្លៃយ៉ាងតិច៣លានរីងហ្គីត(ប្រហែល៧០៧.៩៦៥ដុល្លារ) ជាមួយអត្រាផលចំណេញត្រឡប់មកវិញពីការជួលចន្លោះពី៥,៥ភាគរយទៅ៦,៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here