ម្ចាស់អគារលំនៅដ្ឋាននៅទីក្រុងឡុងដិ៍របស់ប្រទេសអង់គ្លេសសម្រុកដាក់លក់ផ្ទះក្នុងអត្រាបញ្ចុះតម្លៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ម្ចាស់អគារលំនៅដ្ឋាននៅទីក្រុងឡុងដិ៍របស់ចក្រភពអង់គ្លេសបានបញ្ចុះតម្លៃផ្ទះក្នុងរង្វង់ជាមធ្យម៧.០០០ផោន(ប្រហែល៩.៤០៧ដុល្លារ) ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីទាក់ទាញអ្នកទិញដែលប្រឈមនឹងការបង់ពន្ធខ្ពស់ជាងមុន និងមានជម្រើសច្រើន។

តម្លៃផ្ទះដាក់លក់ជាមធ្យម(Asking Price)បានធ្លាក់ចុះ០,៩ភាគរយ ធៀបនឹងខែឧសភាមកនៅត្រឹម៦៩៥.៤១៤ផោន(ប្រហែល៩៣៤.៦២២ដុល្លារ)ក្នុងមួយយូនីតនៅក្នុងខែមិថុនា។ នេះ​បើ​តាម​របាយការណ៍​របស់​គេហទំព័រ​អចលនទ្រព្យ Rightmove។

ម្ចាស់អគារលំនៅដ្ឋាននៅរាជធានីរបស់ចក្រភពអង់គ្លេស និងនៅក្នុងតំបន់ដែលមានតម្លៃផ្ទះថ្លៃផ្សេងទៀតកំពុងផ្តល់ការបញ្ចុះតម្លៃ ក្នុងគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធចំពោះការទិញផ្ទះចាប់តាំងពីខែមេសា។

តម្លៃផ្ទះកំពុងទទួលរងផលប៉ះពាល់ ដោយសារជនជាតិអង់គ្លេសកាន់តែច្រើនបានសម្រេចលក់ផ្ទះទី២របស់ពួកគេនៅតាមតំបន់ឆ្នេរដូចជាតំបន់ Devon និងតំបន់ Cornwall ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់រដ្ឋាភិបាលលើកម្មសិទ្ធិអចលនទ្រព្យ។

របាយ​ការណ៍​បាន​បង្ហាញ​ថា ​តម្លៃ​ផ្ទះ​ជា​មធ្យម​នៅទូទាំងប្រទេសនេះបានធ្លាក់ចុះ០,៣ភាគរយ​ធៀប​នឹង​ខែ​ឧសភាដល់៣៧៨.២៤០ផោននៅខែមិថុនា។បច្ចុប្បន្ន ទីផ្សារកំពុងស្ថិតក្រោមសម្ពាធពីការដំឡើងអត្រាពន្ធលើការទិញផ្ទះ និងការកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១១ភាគរយនៃចំនួនផ្ទះសម្រាប់ដាក់លក់។

លោក Colleen Babcock អ្នកជំនាញអចលនទ្រព្យនៅភ្នាក់ងារ Rightmove បានអះអាងថា “ឥឡូវនេះ យើងកំពុងសង្កេតឃើញកំណើននៃការដាក់លក់ផ្ទះ ហើយការដំឡើងពន្ធប្រថាប់ត្រានាពេលថ្មីៗនេះនៅក្នុងប្រទេសអង់គ្លេសបានជះឥទ្ធិពលដល់ការកំណត់តម្លៃរបស់អ្នកលក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here