ទីផ្សារអចលនទ្រព្យនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីបន្តរក្សាបានភាពធន់ និងកំណើនវិជ្ជមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីគិតត្រឹមខែមិថុនា ឆ្នាំ២០២៥មានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទអចលនទ្រព្យនីមួយៗ ដូចជា ដី ផ្ទះ ខុនដូ និងវីឡាជាដើម។

តួយ៉ាង ដីឡូត៍នៅរដ្ឋធានីមួយនេះមានតម្លៃជាមធ្យមចន្លោះពី៩លានរូពៀទៅ២៥លានរូពៀ(ប្រមាណ៥៥២ដុល្លារទៅ១.៥៣១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ ដោយប្រែប្រួលអាស្រ័យទៅលើទីតាំង។

ចំណែក ផ្ទះ និងវីឡានៅភាគខាងត្បូង ភាគខាងកើត និងភាគខាងលិចរដ្ឋធានីមានតម្លៃជាមធ្យមចន្លោះពី១៤លានរូពៀទៅ១៩លានរូពៀក្នុងមួយម៉ែត្រការ៉េ។ រីឯ ផ្ទះ និងវីឡានៅចំកណ្តាលរដ្ឋធានី និងភាគខាងជើងមានតម្លៃជាមធ្យមចន្លោះពី១៨លានរូពៀទៅ២៥លានរូពៀក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ អាផាតមុិន និងខុនដូនៅរដ្ឋធានីហ្សាការតាមានតម្លៃជាមធ្យមចន្លោះពី២៧លានរូពៀទៅ៥៣លានរូពៀក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិន នុងខុនដូប្រណីតអាចមានតម្លៃ៥៨លានរូពៀក្នុងមួយម៉ែត្រការ៉េ។

តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុីត្រូវបានគេប៉ាន់ប្រមាណថា នឹងសម្រេចបានអត្រាកំណើនប្រចាំឆ្នាំចន្លោះពី៣ភាគរយទៅ៧ភាគរយក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាការតាកំពុងបង្ហាញពីភាពធន់ និងស្ថិរភាព។

ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលយ៉ាងណាក្តី ទីផ្សារនៅតែមានភាពរឹងមាំ ដែលជំរុញដោយកំណើនសេដ្ឋកិច្ចចំនួន៥ភាគរយកាលពីឆ្នាំមុន និងការហក់ឡើង២០ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស ដែលជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវបង់ប្រាក់ និងការពង្រីកខ្សែរថភ្លើង (MRT)។

ទីផ្សារអចលនទ្រព្យរបស់ឥណ្ឌូនេស៊ីត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៦៨,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ហើយនឹងបន្តកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន៥,៨ភាគរយរហូតដល់ឆ្នាំ២០៣០ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here