សម្តេចតេជោចង់ឲ្យម៉ាឡេស៊ីតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទន្ទឹមនឹងភាពប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភាកម្ពុជា បានស្នើឲ្យភាគីម៉ាឡេស៊ី តភ្ជាប់ជើងហោះហើរមកកាន់ក្រុងសៀមរាប និងក្រុងព្រះសីហនុ។

សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតឲ្យលោក Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេ​សម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី១៩ មិថុនានេះ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ចំពោះឯកឧត្តម និងប្រតិភូដែលបានអញ្ជើញមក ទស្សនកិច្ចនៅកម្ពុជា ហើយចាត់ទុកដំណើរទស្សនកិច្ច របស់លោកជាផ្នែកមួយនៃការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយនិយាយដោយឡែកទាក់ទង ទៅនឹងវិស័យទេសចរណ៍ វប្បធម៌ នៃប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រីទេសចរណ៍របស់ម៉ាឡេស៊ី បានសម្ដែងនៅការអរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលា ផ្ដល់ឱកាសឲ្យឯកឧត្តម និងសហការីបានជួបសំដែងការគួរសមនៅពេលនេះ។

លោកបានលើកឡើងអំពីសក្តានុពល នៃវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួន នៃការកើនឡើងភ្ញៀវទេសចរណ៍កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី និងការកើនឡើងអ្នកទេសចរណ៍ម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរពង្រីកទំនាក់ទំនងទេសចរណ៍ ជាមួយគ្នាឲ្យកាន់តែរីកចម្រើន តាមរយៈការបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរណ៍នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជននិងប្រជាជន។

សម្ដេចតេជោក៏បានលើកឡើង ចង់ឲ្យមានការពង្រីកជើងហោះហើរត្រង់ ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្រៅពីការហោះហើរពីម៉ាឡេស៊ី មកកាន់ទីក្រុងភ្នំពេញ សម្ដេចបានស្នើឲ្យមានការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីពង្រីកនៃវិស័យទេសចរណ៍បន្ថែមទៀត។

នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោក៏បានជម្រាបប្រាប់ដល់ រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានអញ្ជើញមកដែរនោះ ដោយសម្ដេចបានស្នើឱ្យលោក នាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។

សម្ដេចក៏បានបញ្ជាក់ពីបញ្ហា នៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើង ពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិICJ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយឯកឧត្តមក៏គាំទ្រ ចំពោះយន្តការនៃការដោះស្រាយបញ្ហា ដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕

LEAVE A REPLY

Please enter your comment!
Please enter your name here