បញ្ហាប្រឈមចំនួន៦ចំណុចត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងាររដ្ឋនិងវិស័យឯកជន

0

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងផ្នែកឯកជន បានបើកកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំកាលពីថ្ងៃទី១៩ មិថុនាកន្លងមកនេះ បានធ្វើឡើងអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា ម៉ុង រិទ្ធិថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ “ក” ផ្នែកឯកជន តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តំណាងសមាគមវិនិយោគិនកម្ពុជា តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ក” ផ្នែកឯកជនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់  ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជន ពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនចំនួនរួមមាន ទី១ សំណើសុំឱ្យធនាគារជាតិនៃកម្ពុជាបន្ធូរបន្ថយនីតិវិធី ដល់ការកែច្នៃកសិផលក្នុងស្រុក ទី២ សំណើសុំឱ្យក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារដល់ការកែច្នៃកសិផលក្នុងស្រុក ទី៣ ការផ្គូរផ្គង រវាងអ្នកទទួលទិញផលិតផលកសិកម្ម និងអ្នកផ្គត់ផ្គង់ដោយផ្ទាល់ ទី៤ ផលពិបាកក្នុងការទទួលបានកម្ចី ពីធនាគារសហគ្រាសធុនតញច និងមធ្យមសម្រាប់វិស័យកសិកម្ម ។

ទី៥ ការដាក់លក់ផលិតផលក្នុងស្រុក ក្នុងផ្សារទំនើបមាននីតិវិធីច្រើន និងស្មុគស្មាញ  និងទី៦ សំណើសុំបន្តសុពលភាពការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here