ដោយៈ ម៉ាល័យ
ភ្នំពេញៈ ប្រទេសកម្ពុជា-ថៃមានភាពតានតឹង តើជើងហោះហើររវាងភ្នំពេញ-បាងកកមានសភាពយ៉ាងណា នេះជាសំណួរយ៉ាងរសើប។
យោងតាមផេកមួយដែលដាក់ឈ្មោះថាយន្តហោះបានបង្ហោះព័ត៌មានឲ្យដឹងថា ផ្លូវហោះហើររវាងទីក្រុងទាំងពីរ គឺជាទិសដៅមមាញឹកជាងគេបំផុតសម្រាប់កម្ពុជា ដែលពេលខ្លះមានរហូត15ជើង ក្នុងមួយថ្ងៃ(ភ្នំពេញ – បាងកក) ប៉ុន្តែមួយរយៈចុងក្រោយនេះស្ថានភាពមានការប្រែប្រួល ទោះបីក្រុមហ៊ុនទាំងអស់ (ទាំងអស់ដែលធ្លាប់ហោះមុនភាពតានតឹង) នៅតែបន្តមានវត្តមានហោះដដែល។
ជាក់ស្តែងក្រុមហ៊ុនដែលកំពុងហោះហើរលើទិសដៅនេះ រួមមានSky Angkor Airlines ,Cambodia Airways, Air Cambodia,Thai VietJet ,Thai AirAsia ,Thai Airways
និងBangkok Airways។
ផេកដដែលបានបញ្ជាក់ថា ប៉ុន្តែមួយរយៈចុងក្រោយនេះ ជើងហោះហើរ រវាងប្រទេសទាំងពីរមានការប្រែប្រួលខ្លាំង ដែលសម្គាល់ឃើញលើទិដ្ឋភាពមួយចំនួនដូចជា ទី១. តម្លៃមានការធ្លាក់ជាងមុន នេះបង្ហាញពីតម្រូវការទាប ការប្រកួតប្រជែងខ្ពស់ ទី២ កាត់បន្ថយជើងហោះហើរមួយចំនួនធំ។ ក្រុមហ៊ុនបន្តមានវត្តមានហោះ តែបន្ថយជើងហោះហើរ។
ជាមួយគ្នានេះSky Angkor Airlines បន្ថយជើងហោះហើរមួយចំនួន ដោយពីមុនមាន 3ជើងក្នុងមួយថ្ងៃ បន្ថយមកថ្ងៃខ្លះមាន 2ជើងនិងថ្ងៃខ្លះមាន1ជើង។ ក្រុមហ៊ុនCambodia Airways នៅរក្សាលំនឹងបានដដែល ដោយថ្ងៃខ្លះមាន 2ជើងនិងថ្ងៃខ្លះមាន1ជើង ក្រុមហ៊ុនAir Cambodia រក្សាលំនឹងបានដដែល ដោយថ្ងៃខ្លះមាន2ជើងនិងថ្ងៃខ្លះមាន1ជើង។
ចំណែកThai VietJet មិនមានការប្រែប្រួល ក្រុមហ៊ុន
Thai AirAsia បន្ថយពី 2ជើង មកត្រឹម1ជើង ក្រុមហ៊ុន
Thai Airways រក្សាជើងហោះហើរដដែល ដោយមាន2ជើងក្នុងមួយថ្ងៃ និងក្រុមហ៊ុនBangkok Airways បន្ថយមកត្រឹម 2ជើងក្នុងមួយថ្ងៃ៕