ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងាររដ្ឋ និងវិស័យឯកជនផ្នែកកសិកម្មបានបើកកិច្ចប្រជុំក្រុមការងារ ក្រុម”ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមជាអធិបតីភាពដឹកនាំ ដោយសហប្រធានក្រុមការងារទាំងពីរគឺ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ាម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន។
-->
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ “ក” រួមនឹងតំណាងសមាគម អ្នកចិញ្ចឹម អ្នកផ្គត់ផ្គង់ អ្នកលក់និងទិញក្នុងវិស័យជលផលជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន ដែលផ្តោតសំខាន់លើវិស័យជលផល ដែលរួមមាន វារីវប្បករ អ្នកកែច្នៃ អ្នកនាំចូល-ចេញ និងអ្នកលក់ក្នុងវិស័យនេះ។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន ទី១ ការផ្គត់ផ្គង់កូនត្រីពូជ ទី២ ការត្រួតពិនិត្យនៃការនាំចូលដើមទី ទី៣ បញ្ហានៃការចិញ្ចឹម និងទីផ្សារកង្កែប ទី៤ បរិមាណនៃការនាំចូលមិនសមមូល និងលិខិតអនុញ្ញាត្តិ និងទី៥ បរិមាណនៃការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតក្នុងវិស័យជលផលផងដែរ។
