ដោយៈ ម៉ាល័យ
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោកបណ្ឌិតPark Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើនរូប។
កិច្ចសន្ទនាក្នុងព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនកូរ៉េ ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េខាងត្បូង ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
មានមតិស្វាគមន៍ក្នុងកម្មវិធីខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពថ្មី នូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការបំបែកកំណត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ ចំនួនគម្រោងវិនិយោគសរុបដែលបានអនុម័តក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ស្ថានភាពនៃចំនួនវិនិយោគពីប្រទេសកូរ៉េ និងវឌ្ឍនភាពនៃបេសកកម្មការងារចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។
ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី២នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្រប សម្រាប់បញ្ហាប្រឈមនានា ដែលវិនិយោគិនកូរ៉េបានលើកឡើង សំដៅចូលរួមចំណែក ក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តួចផ្តើមឱ្យមានវេទិកានេះឡើង និងថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ហើយលោកមានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈកិច្ចសន្ទនានាឱកាសនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។
តំណាងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានធ្វើបទបង្ហាញ អំពីជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ម៉ាកយីហោ និងការកម្សាន្តរបស់កូរ៉េ ឆ្នាំ២០២៥” (Korea Brand and Entertainment Expo 2025) កាលពីថ្ងៃទី២០-២១ ខែមិថុនាកន្លងទៅថ្មី ជូនទៅកាន់អង្គពិធីឱ្យបានជ្រាប។ ជាលទ្ធផល កម្មវិធីពិព័រណ៍រយៈពេល២ថ្ងៃនេះ បានស្រូបទាញអ្នកចូលទស្សនាសរុបចំនួន៥៣៦០នាក់ ក្នុងនោះមានក្រុមហ៊ុនកូរ៉េចំនួន៥៥ក្រុមហ៊ុន និងអ្នកបញ្ជាទិញចំនួន១៣៨នាក់បានចូលរួម។
អ្នកតំណាងKOTRA បានបន្ថែមថា នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតរបស់កូរ៉េនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ហើយបានស្តែងឱ្យឃើញនូវសក្តានុពលនៃទីផ្សារកម្ពុជា និងបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការបន្ត សំដៅចូលរួមពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ៕