ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស។
ផែនការនេះបានបង្ហើបនៅក្នុងពិធីមួយ ដែលមានការចូលរួមពី ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ។
-->

លោកសាយ សំអាល់បានថ្លែងថា ផែនការនេះធ្វើឡើងស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។
ក្នុងនោះក្នុងក្របខណ្ឌសាលារៀន ក្រសួងបានជ្រើសរើសវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង ដែលជាសហគមន៍ប្រមូលផ្តុំទាំងមតេ្តយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ជាសាលាគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹងឈានទៅរៀបចំ នៅតាមបណ្តាសាលារៀនដទៃទៀត ដើម្បីចូលរួមកសាងរៀបចំឱ្យបានត្រឹមត្រូវ នូវថ្នាលបណ្តុះបណ្តាលមួយដ៏វាងវៃ ឆា្លតវៃ និងពោរពេញដោយភាពដុះលូតលាស់ ប្រកបដោយគុណភាព៕
